(ពោធិ៍សាត់)៖ ព្រះធម្មវិបស្សនា ម៉ុន សាយ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយកស្ថានីយវិទ្យុសំឡេងព្រះពុទ្ធសាសនា FM ១០២.៧០ MHz និងមានការចូលរួមពីមហាឧបាសិកា កិន ស៊ីមអេត, មហាឧបាសក មាស ខេង និងមហាឧបាសិកា មួរ វួច, លោក ជៀម ហួរហុង និងមហាឧបាសិកា សុខ គាង ព្រមទាំង សហការីវិទ្យុសំឡេងព្រះពុទ្ធសាសនា FM ១០២.៧០ MHz និងពុទ្ធបរិស័ទ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បាននិមន្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ដល់គ្រួសារពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២០០គ្រួសារសង្កាត់ស្វាយអាត់ និង១០គ្រួសារនៅស្រុកបាកាន ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ព្រះធម្មវិបស្សនា ម៉ុន សាយ មានសង្ឃដីការបន្តថា អំណោយទាំងនេះ ដ្បិតតែមិនអាចផ្គត់ផ្គង់ បានគ្រប់គ្រាន់ក៏ពិតមែន តែក៏អាចជួយសម្រួលជីវភាព បានមួយគ្រាផងដែរ ដែលនេះគឺជាទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា គឺត្រូវតែចេះជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ណាមួយនោះឡើយ។

ព្រះធម្មវិបស្សនា ម៉ុន សាយ ក៏មានសង្ឃដីការអំពាវនាវឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព ពិសារទឹកឆ្អិនជាប់ជានិច្ច ត្រូវមើលថែកូនចៅកុំឱ្យចុះលេងទឹក ជាពិសេស បន្ទាប់ពីស្រកចុះវិញ ត្រូវខិតខំដាំដំណាំរួមផ្សំឡើងវិញ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែល្អប្រសើរឡើងវិញផងដែរ។

សូមបញ្ជាក់ថា ពលរដ្ឋទាំង ២១០គ្រួសារ ដែលទទួលបានអំណោយនោះ ក្នុងនោះមួយគ្រួសារ ទទួលបាននូវអង្ករ ២៥គីឡូ មី១កេះ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ទឹកដោះគោ និងភួយមុង សារ៉ុង និងថវិកា ៨០,០០០ ,រៀល ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន ៤៦,២០០,០០០រៀល៕