(សៀមរាប)៖ អនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យវាយតម្លៃផលប៉ះពាល់ និងចែកជូនស្រូវពូជ និងពូជដំណាំដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះ, នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញនាំយកពូជស្រូវចំនួន៣០តោន និងពូជបន្លែ ១២០០កញ្ចប់ (ពោតដំណើប ស្ពៃចង្កឹះ ត្រប់វែង និងសណ្តែកកួរ) មកចែកជូនប្រជាកសិករដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់នៅក្រុងសៀម ខេត្តសៀមរាប។

ថ្លែងក្នុងឱកានោះលោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី មានការសោកស្តាយ អាណិតអាសូរ និងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់ជាពន់ពេក។

លោកបន្តថា ទឹកជំនន់ គឺជាគ្រោះធម្មជាតិដែលមនុស្សលោកមិនអាចចៀសវាងបាន វាមិនគ្រាន់តែបំផ្លាញផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជីវិតមនុស្ស វាបានបន្សល់ទុកនូវបញ្ហាជាច្រើនគ្រប់បែបយ៉ាង សម្រាប់រយ:ពេលវែងដែលយើងត្រូវប្រឈម។ ហេតុនេះ លោកបញ្ជាប់បន្ថែមថា អ្វីដែលសំខាន់ និងបន្ទាន់បំផុតបន្ទាប់ពីទឹកស្រកចុះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងសាធារណ:ការ ត្រូវចុះមកធ្វើអន្តរាគមន៍ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាស្តារផលិតកម្មស្បៀងឡើងវិញ តាមដែលអាចធ្វើទៅបាន។

ទទួលបានបទបញ្ជានេះ បេសកកម្មនាថ្ងៃនេះ លោកបាននាំយកពូជស្រូវ និងពូជបន្លែមកចែកជូនបងប្អូន ដែលទទួលរងគ្រោះទូទាំងសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន២០០គ្រួសារ (១០០ ទទួលបានស្រូវពូជ និង ១០០គ្រួសារទៀតទទួលបានពូជបន្លែ) ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញ តាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានសាកវប្បកម្ម ត្រូវបន្តចុះមកវាយតម្លៃលើផលប៉ះពាល់ និងជំរុញផលិតកម្មស្បៀងឡើងវិញបន្ទាប់ ពីទឹកស្រកចុះ។ ចំពោះគម្រោងទាក់ទងនឹងផលិតកម្មបន្លែ គួរជួយឧបត្ថម្ភសូឡាបូមទឹកជំនួសអគ្គីសនី ដែលអាចជួយកាត់បន្ថយថ្លៃដើម ស្រួលប្រើ និងងាយចល័ត។ 

នៅរសៀលថ្ងៃដដែលនេះ នៅសាលាឃុំល្វា ស្រុកពួក ខេត្តសៀមរាប លោករដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកពូជស្រូវចំនួន២០តោន និងពូជបន្លែ ៦០០កញ្ចប់ មកចែកជូនបងប្អូនប្រជាកសិករចំនួន ៣០០គ្រួសារ។

នាក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ការចែកពូជស្រូវ និងពូជបន្លែនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងតាមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី មកចែកជូនបងប្អូនប្រជាកសិករ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ ដូច្នេះ លោកបញ្ជាក់ថានេះជាពូជ មិនគួរយកទៅបុក ឬកិនយកអង្គរមកបរិភោគនោះទេ ផ្ទុយទៅវិញត្រូវយកទៅដាំដុះឲ្យបានទាន់ពេលវេលា ព្រោះជាពូជមិនប្រកាន់រដូវ និងអាយុកាលខ្លី ហើយលោកសង្ឃឹមថា បងប្អូននឹងយកពូជនេះទៅដាំដុះបានផលផ្លែផ្កា គ្រាន់ទុកជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយក៏គួរដាំបន្លែ ដំណាំរួមផ្សំ និងចិញ្ចឹមមាន់ ឬត្រីបន្ថែមដើម្បីធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ជាសេនាធិការរង់ចាំជួយជាគ្រាប់ពូជ និងបច្ចេកទេសឲ្យអស់លទ្ធភាព។

សូមបញ្ជាក់ថា ក្នុងចំណោម ៣០០គ្រួសារ នាពេលនេះ មាន ២០០គ្រួសារទទួលបានពូជស្រូវ ១០០គ. ក្រ ក្នុង១គ្រួសារ និងថវិកា ២ម៉ីនរៀល និង ១០០គ្រួសារទៀតទទួលបានពូជបន្លែបួនមុខ ដោយក្នុង ១គ្រួសារ មានពោតដំណើប ត្រប់វែង ស្ពៃចង្កឹះ និងសណ្តែកកួរ រួមទាំងថវិកាឧបត្ថម្ភ ២ម៉ីនរៀលផងដែរ៕