​(កណ្តាល)៖ រថយន្តមួយគ្រឿងត្រូវរងកំហុសពីរដង បន្ទាប់ពីមានកំហុស​លើកទី១ ត្រូវនគរបាលឃាត់​យកមករក្សាទុក នៅប៉ុស្តិ៍រួចដាក់រនាំងដែករាំង លើចិញ្ចើមផ្លូវវែងពេក ត្រូវយុវជន២នាក់ ជិះមួយគ្រឿងលឿន​ជ្រុល ទៅបុករនាំងដែកនោះ ឲ្យច្រឡោតចង្កូតជ្រុល​ទៅបោកខ្ទប​ និងរថយន្តជាវត្ថុតាង របស់​នគរបា​លបន្ថែមទៀត បណ្តាលស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរ ពេទ្យជ័យជំនះតាខ្មៅ នា​​ម៉ោង៤៖០០នាទី ទៀបភ្លឺថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅតាម​បណ្តោយ​ផ្លូវលេខ១១៥ មុខប៉ុស្តិ៍កំពង់​សំណាញ់ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរមិនត្រូវបាន គេស្គាល់អត្តសញ្ញាណ​នោះទេ មានភិនភាគម្នាក់ មានអាយុប្រហែល២០ឆ្នាំជាង កម្ពស់ប្រហែល១​.៦០ម៉ែត្រ សំបុរស សក់ស្លូតខ្លី ពាក់អាវសខោពណ៌ពងមាន់​ និងម្នាក់ទៀតមានអាយុប្រហែល២០ឆ្នាំជាង​ សំបុរស ពាក់អាវយឺតពណ៌ ខ្មៅ​ខោខូវប៊យជើងខ្លី ត្រឹមក្បាលជង្គង់។ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ក្រហមលាយ​ស​ពាក់ស្លាកលេខ ភ្នំពេញ​1CQ-9387​។ ចំណែករនាំងដែក ជារនាំងដែករប​ស់នគរបាលប៉ុស្តិ៍ កំពង់សំណាញ់ និងរថយន្តដែលជនរង​គ្រោះទាំងពីរ ជិះជ្រុលទៅបុកបន្ថែមនោះ​ ជារថយន្តដែលនគរបាលឃាត់ យកទៅរក្សាទុកនៅខាងមុខប៉ុស្តិ៍។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះទាំងពីរជិះម៉ូតូ ក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករនាំងដែក ដែលនគរបាលប៉ុស្តិ៍ដាក់រាំងរថយន្ត ដែលបានឃាត់យកមករក្សាទុក នៅខាងមុខប៉ុស្តិ៍ បណ្តាលឲ្យរ៉េចង្កូតច្រឡោតតោតតូង ជ្រុលទៅបុកខ្ទប់ និងរថយន្តដែលនគរបាលឃាត់​យកចតរក្សាទុក ជាវត្ថុតាងនៅខាងមុខប៉ុស្តិ៍ បណ្តាលឲ្យស្លាប់ភ្លាមៗម្នាក់ នៅនឹង​កន្លែងឯម្នាក់ទៀត រងរបួសធ្ងន់ក្រោយមកត្រូវបាន រថយន្តសង្គ្រោះរបស់អធិការដ្ឋាន ដឹកទៅសង្ក្រោះ នៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ម្នាក់ទៀត។

រួចនគរបាលក៏បានដឹកសព ជនរងគ្រោះយកទៅតម្កល់ នៅសាលដាក់សពនៃមន្ទីរពេទ្យបង្អែកជ័យ​ជំនះ។ រីឯម៉ូតូត្រូវរក្សាទុកនៅប៉ុស្តិ៍តាខ្មៅ។ នគរបាលអំពាវនាវដល់បងប្អូនណា ដែលបានបាត់សមាជិក ដែលមានភិនភាគដូចខាងលើ សូមកទំនាក់ទំនងនគរបាលក្រុងតាខ្មៅ ដើម្បីពិនិត្យមើល និងទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕