(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លួន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តបានលើកទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ ដោយផ្ដល់ជាអាទិភាពលើវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

ថ្លែងបង្ហាញនូវយុទ្ធសាស្ត្រនានា ក្នុងការអភិវឌ្ឍន៍ខេត្តបែបនេះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-២០២៤ និងវេទិកាពិគ្រោះយោបល់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ទំនិញប្រើប្រាស់ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ក្រោមវត្តមានលោក រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា ទន្ទឹមនឹងនេះចំពោះថវិការក្នុងអភិវឌ្ឍខេត្តត្បូងឃ្មុំ មាន២ចំណុចសំខាន់រួមមាន៖

*ទី១៖ ថវិការាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈរដ្ឋបាលខេត្ត
*ទី២៖ ថវិកាបានមកពីចំណូលរបស់រដ្ឋបាលខេត្តផ្ទាល់ និងអង្គការ សមាគមដៃគូអភិវឌ្ឍក្នុងខេត្ត ជាផែនការធ្វើយ៉ាងណាបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត អោយមានការកើនឡើង។

លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងពី ការគណនាផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សម្រាប់ខេត្ត ដែលជាគោលដៅសំខាន់មួយដែលរដ្ឋបាលខេត្ត បានរង់ចាំជាយូរមកហើយ ដែលទិន្នន័យនេះ ខេត្តបានដឹងអំពីចំណូលរបស់ខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ក្នុងខេត្ត កាវាស់វែងអតិផរណា ដែលជាទិន្នន័យមួយសម្រាប់ខេត្ត ធ្វើការទាក់ទាញអ្នកវិនិយោគទុន និងការរៀបចំគោលនយោបាយផ្សេងៗនាថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានជំរុញដល់មន្ទីរ អង្គភាពទាំងអស់ ត្រូវបញ្ជួនទិន្និន័យមកមន្ទីរផែនការឲ្យបានត្រឹមត្រូវ និងសុក្រិត្យ ដើម្បីមន្ទីរផែនការ បញ្ជួនទៅក្រសួងផែនការគណនាជូន ដើម្បីថ្នាក់ដឹកនាំនៅពេលទស្សនៈកិច្ចយកទៅជជែកនៅបណ្តាប្រទេសផ្សេងៗ ចៀសវាងមានភាពមិនត្រឹមត្រូវផងដែរ៕