(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នាពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងខិតខំកែប្រែបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសពង្រឹងគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងផ្សព្វផ្សាយសុវត្ថិភាពទេសចរណ៍ទៅកាន់អន្តរជាតិ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រោយកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩នេះ ក្រសួងទេសចរណ៍កំពុងខិតខំជំរុញចលនាទេសចរក្នុងស្រុក ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំនានារបស់ក្រសួងសុខាភិបាល។ លោកថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ការបើកឱ្យមានចលនាទេសចរក្នុងស្រុកនេះ មិនអាចប្រាសចាកពីការណែនាំ នូវសុវត្ថិភាពទេសចរណ៍ទាំងនេះបានឡើយ។

លោកបានបន្តថា មូលដ្ឋានអាជីវកម្មទេសចរណ៍ ទើបតែចូលរួមក្នុងយុទ្ធនាការខាងលើបានតែ ៣៦% ប៉ុណ្ណោះទេ ដែលការជំរុញនេះហាក់ដូចជាការប្រឡងប្រណាំងដែរ។ មូលដ្ឋានអាជីវកម្មណាដែលបានឆ្លើយតប ទៅនឹងវិធានសុវត្ថិភាពនេះ ក្រសួងនឹងប្រគល់ឡាប៊ែលជូន ប៉ុន្តែមូលដ្ឋានអាជីវកម្ម ដែលបានទទួលឡាប៊ែលនេះទៀតសោត ក៏ទើបតែបាន ១៦% ប៉ុណ្ណោះ ដូច្នេះក្រសួងទេសចរណ៍នឹងបន្តខិតខំ ជំរុញការប្រឡងប្រណាំងនេះបន្ថែមទៀត។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ជាទិសដៅរបស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២១ ខាងមុខ គឺធ្វើយ៉ាងណាឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ ទទួលបានឡាប៊ែលឱ្យបានប្រមាណ ៧០% ហើយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានល្អ ដោយហេតុថាកាលណាមូលដ្ឋានអាជីវកម្មអនុវត្តតាមខ្ជាប់ខ្ជួន វានឹងបង្កើតបានគោលដៅសុវត្ថិភាពដ៏ល្អ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅជឿជាក់ និងដើម្បីបង្ហាញទៅកាន់អន្តរជាតិឱ្យគេឃើញចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយគេនឹងមានភាពកក់ក្ដៅចំពោះគោលដៅទេសចរណ៍កម្ពុជាផងដែរ។

ទន្ទឹមនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍ក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងកិច្ចការមួយចំនួនទៀតឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។

លោក ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «យើងយកឱកាសពីបញ្ហាកូវីដនេះ ដើម្បីពង្រឹងនូវគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អថែមទៀត ដើម្បីជំរុញចលនាទេសចរក្នុងស្រុក ទោះបីថាយើងមិនទាន់ទទួលបានទេសចរអន្តរជាតិក៏ដោយ ហើយយកឱកាសនៃការទទួលទេសចរក្នុងស្រុកនេះ ទៅជាឱកាសសម្រាប់ពង្រឹងគុណភាព និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ»

អ្វីដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកំពុងអនុវត្តនោះ គឺការការពារការងារក្នុងវិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យបុគ្គលិកនិយោជិត ដែលធ្វើការក្នុងវិស័យនេះនៅមានស្ថិរភាព និងលំនឹងការងារ។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បាន និងកំពុងខិតខំបណ្ដុះបណ្ដាលជំនាញ តាមប្រព័ន្ធអនឡាញផងដែរ ដោយបានបណ្ដុះបណ្ដាលរហូតដល់រាប់ម៉ឺននាក់ហើយ ប៉ុន្តែនៅមានបរិមាណតិចនៅឡើយ ក្នុងនោះមានទាំងការបណ្ដុះបណ្ដាលជំនាញថ្មី (Reskilling) និង Upskilling ហើយអ្នកដែលទទួលបានការបណ្ដុះបណ្ដាលនេះ អាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន និងអាចជួយរកចំណូលបន្តទៅមុខទៀត។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានផ្ដល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីឱ្យប្រជាពលរដ្ឋបានប្រកបរបរនេះផងដែរ។

តាមការកត់សម្គាល់របស់លោក ថោង ខុន ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ឆ្លៀតពេលដែលខ្សត់ភ្ញៀវនេះ ពួកគេបានខិតខំកែលម្អមូលដ្ឋានរបស់ឱ្យមានគុណភាព សោភ័ណភាពឱ្យកាន់តែល្អជាងមុន ដោយពួកគេក៏មានទទួលភ្ញៀវក្នុងស្រុកផង ហើយនៅពេលភ្ញៀវទេសចរអន្តរជាតិត្រលប់មកទស្សនាកម្ពុជាវិញ ពួកគេគឺបានត្រៀមខ្លួនរួចជាស្រេច។

សូមជម្រាបថា ក្រសួងទេសចរណ៍បានវាយតម្លៃស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ សេណារីយ៉ូទីមួយ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងសេណារីយ៉ូទីពីរ ប្រើរយៈពេល៥ឆ្នាំ (២០២០-២០២៥)៕