(សៀមរាប)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង «គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» ដែលមានទឹកប្រាក់សរុប ២ ១៥៣លានយ៉េន ដែលស្មើនឹងប្រមាណជា២០.៥៥ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានរបស់ JICA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

គម្រោងនេះនឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងស្តារឡើងវិញ នូវអាគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យស្រុកចំនួន៤ និងកែលម្អបរិក្ខាពេទ្យ នៅក្នុងមន្ទីរពេទ្យទាំងនោះ ដែលអាចចូលរួមកែលម្អគុណភាពសេវាថែទាំសុខភាព និងពង្រីកការគ្របដណ្តប់លើសេវាថែទាំសុខភាពនៅក្នុងតំបន់ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា៕