(ពោធិ៍សាត់)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក សួស គង់ រដ្ឋលេខាធិការប្រចាំការ និងលោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សា និងជួសជុលជាបន្ទាន់ នូវកំណាត់ផ្លូវចំនួន៦ខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ នៅក្នុងខេត្តពោធិ៍សាត់។

សូមជម្រាបថា ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងខាងលើនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាតដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីជួយប្រជាពលរដ្ឋពេលលក់ផលកសិកម្ម ដោយរក្សាបានតម្លៃខ្ពស់ និងមិនឱ្យឈ្មួញបង្អាប់តម្លៃបាន។

យោងតាមរបាយការណ៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ស្តីពីស្ថិតិផ្លូវ និងសំណង់សិល្បការ ដែលខូចខាត ដោយជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ មាន៦ខ្សែរួមមាន៖

១៖ ផ្លូវគ្រួសក្រហម (រលួស) ក្នុងឃុំបឹងកន្ទួត និងឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងឃុំកញ្ជរ ស្រុកកណ្តៀង ប្រវែង១១,១០០ម៉ែត្រ រងការខូចខាត លិចទឹក៤,០០០ម៉ែត្រ និងដាច់តួផ្លូវ២,៥០០ម៉ែត្រ។
២៖ ផ្លូវគ្រួសក្រហម (ទួលចារ-កែវមុនី) ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និងឃុំអន្លង់វិល ស្រុកកណ្តៀង ប្រវែង៩,៣០០ម៉ែត្រ រងការខូចខាត លិចទឹក៤,៣២០ម៉ែត្រ និងដាច់តួផ្លូវ១,៨០០ម៉ែត្រ។
៣៖ ផ្លូវគ្រួសក្រហម (ទួលគ្រួស-វត្តឯក) ក្នុងសង្កាត់រលាប និងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ប្រវែង៤,៩០០ម៉ែត្រ រងការខូចខាត លិចទឹក២,៤០០ម៉ែត្រ និងដាច់តួផ្លូវ២,០២០ម៉ែត្រ។
៤៖ ផ្លូវកៅស៊ូ២ជាន់ (កោះជុំ) ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំកោះជុំ ស្រុកកណ្តៀង ប្រវែង១៨,១០០ម៉ែត្រ រងការខូចខាត លិចទឹក៨,៤៣០ម៉ែត្រ និងដាច់តួផ្លូវ១,៦៨០ម៉ែត្រ។
៥៖ ផ្លូវគ្រួសក្រហម (វត្តបន្ទាយត្រោក+វត្តស្យា) ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ប្រវែង១,៩០០ម៉ែត្រ រងការខូចខាត លិចទឹក១,០០០ម៉ែត្រ និងដាច់តួផ្លូវ៦០០ម៉ែត្រ។
៦៖ ផ្លូវគ្រួសក្រហម (បាក់ត្រា+អូររកា+ស្វាយប៉ាក) ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ប្រវែង១៧,៤០០ម៉ែត្រ រងការខូចខាត លិចទឹក១០,៦០០ម៉ែត្រ និងដាច់តួផ្លូវ៦,៨៨៥ម៉ែត្រ៕