(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមវាយនភណ្ឌចិននៅកម្ពុជា China Textile Association in Cambodia ដែលបានជួយឧបត្ថម្ភ អង្ករចំនួន៣តោន និងមីចំនួន ១,០០០កេស (ស្មើនឹងថវិកាចំនួន ២ម៉ឺនដុល្លារ) សម្លៀកបំពាក់កុមារ ២០០ឯកតា និងម៉ាស់ ២០,០០០ម៉ាស់ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយនេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។

ក្នុងឱកាសដែលនាំយកអំណោយខាងលើនេះមកជូនកាកបាទក្រហមកម្ពុជា លោក ហឺ អុិនជែ តំណាងសមាគមវាយនភណ្ឌចិននៅកម្ពុជា បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានចេញប្រតិបត្តិការយ៉ាងមមារញឹក ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ទន្ទឹមនឹងនេះ សមាគមវាយនភណ្ឌចិននៅកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលអនុញ្ញាតឱ្យសមាគមបានផ្សារភ្ជាប់ការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ តាមរយៈកាកបាទក្រហមកម្ពុជា ហើយសមាគម នឹងនៅតែបន្តឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយទឹកជំនន់ បានសរុបចំនួន ១៩,០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៩,៩០០គ្រួសារ និងដោយសាខាចំនួន ៩,១៥៤គ្រួសារ)៕