(ភ្នំពេញ)៖ លោក ចាយ បូរិន តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូគណៈចលនាមហាជនចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ និងលោក ហេង ណន ដែលបានទទួលមរណភាពនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០៖១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក ចាយ បូរិន និងគណៈចលនាមហាជនបានសម្តែងនូវសមានទុក្ខសោកស្តាយអាឡោះអាល័យក្រៃលែង និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយលោក ហេង សួរ និងលោក ហេង ណន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងបងប្អូនកូនចៅទាំងអស់ចំពោះការបាត់បង់ដោយសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

តាងនាមឱ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈចលនាមហាជន លោក ចាយ បូរិន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង បានចាប់បដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕