(តៃប៉ិ)៖ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់នោះមក បានបណ្តាលឲ្យចំនួនមនុស្សស្លាប់ កើនឡើងដល់ ៥នាក់ហើយ ស្របពេលដែលមនុស្សម្នាប្រមាណ ២០០នាក់ផ្សេងទៀត នៅបន្តជាប់ខ្លួនក្រោមគំនរអគារកម្ពស់ ១៧ជាន់ រងចាំការសង្គ្រោះនៅឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៦។

គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានវាយប្រហារតំបន់តៃណាន (Tainan) របស់កោះតៃវ៉ាន់ នៅពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃសៅរ៍នេះ ដែលបានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូង ទទួលរងការខូចខាត យ៉ាងដំណំ និងមនុស្សជាង ៣០នាក់ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានទទួលរងរបួសធ្ងន់ស្រាល។ ដោយឡែកចំនួនមនុស្សស្លាប់ ត្រូវគេរំពឹងថា នឹងអាចកើនឡើងបន្ថែមទៀតដែរ៕