(ភ្នំពេញ)៖ ក្រោយពីមានវិធានការក្នុងការបូមទឹកចេញពីបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹងទី៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។

ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺកាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម ហើយអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប លាងសម្អាតឲ្យអស់កាកសំណល់ និងទឹកកខ្វក់ដក់នៅតាមចិញ្ចើម នៅក្នុងបុរីនេះឲ្យស្អាត ចាប់ពីពេលនេះតទៅ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពេលដឹកនាំបញ្ជាដោយផ្ទាល់នៅក្នុងបុរីត្រពាំងថ្លឹងគម្រោងទី២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី រួមជាមួយកម្លាំងពាក់ព័ន្ធ ដែលមានទាំងកងទាហាន កងនគរបាលផងដែរនោះ បានរួមគ្នាលាងសំអាតភូមិដ្ឋានមួយនេះ ដើម្បីឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ក្រោយពីទឹកជំនន់បានលិចលង់លំនៅដ្ឋានរបស់ពួកគាត់ អស់រយៈពេលជាង១០ថ្ងៃកន្លងមកនេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងបុរីពិភពថ្មី គម្រោងទី២ ភូមិត្រពាំងថ្លឹងទី៤ទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីសម្អាត និងស្ដារឡើងវិញនូវភក់ ទឹកស្អុយដែលមាននៅលើដងផ្លូវ ក្រោយពីទឹកបានស្រកអស់រួចហើយនោះ។

លោក ឃួង ស្រេង ក៏បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានី កាយរករឺហ្គែលលូ ដែលត្រូវបានប្រជាពលរដ្ឋមួយចំនួន ចាក់បិទជំនួសដោយដាក់បំពង់ទុយោតូចៗ វិញនោះ ខណៈមន្ត្រីជំនាញបញ្ជាក់ថា ការលិចលង់នេះក៏បណ្តាលមកពីបញ្ហានេះផងដែរ។

គួរបញ្ជាក់ថា កន្លងមកក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នាច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនគ្រួសារ បានទទួលរងនូវផលប៉ះពាល់ នៃការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ។

ក្នុងយុទ្ធនាការនៅព្រឹកមិញនេះ លោក ឃួង ស្រេង បានបញ្ជាឲ្យយក រថយន្តពន្លត់អគ្គិភ័យមកបន្ថែមទៀត ដើម្បីជួយបាញ់បូម និងលាងសម្អាតក្នុងនោះ ក៏មានបាញ់បូម និងលាងសម្អាត ដោយប្រើសាប៊ូផងដែរ ដោយប្រើរថយន្តសរុបទាំងអស់ប្រមាណ២០គ្រឿង ក្នុងនោះរថយន្តរបស់មន្ទីរសាធារណការ រថយន្តនគរបាលរាជធានី និងរថយន្តរបស់អាវុធហត្ថផងដែរ។

សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងនេះ ក៏បានទទួលរងនូវការលិចលង់លំនៅឋានរបស់ពួកគាត់យ៉ាងធ្ងន់ ចំនួនប្រមាណ១,០០០ល្វែង ក្នុងចំណោយខ្នងផ្ទះ៣,១១៣ល្វែង៕