(កំពង់ធំ)៖ លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកស្រី ថុង ធីតា ម្ចាស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានចូលរួមចំណែកដ៏ធំមួយ ក្នុងការងារមនុស្សធម៌ ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងតែលិចលង់ផ្ទះសំបែង និងខ្វះខាតស្បៀងអាហារចំនួន ២០០គ្រួសារ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ការផ្តល់អំណោយ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

អំណោយទាំងនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ នំ សៀង រួមទាំងថវិកាមួយចំនួន សម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយគ្រា ដែលកំពុងតែជួបបញ្ហាគ្រោះធម្មជាតិ។

លោកឧកញ៉ា លឹម ប៊ុណ្ណា ការចែកអំណោយនេះបានលើកឡើងថា ដោយយល់ឃើញទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការអនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជាទឹកចិត្តសប្បុរសធម៌។

លោកឧកញ៉ាបានបន្តថា សកម្មភាពចុះចែកអំណោយរបស់ក្រុមហ៊ុនអិលប៊ីអិនគ្រុប បានធ្វើសកម្មភាពចុះចែកអំណោយចាប់តាំងពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ សរុបចំនួន២២៥៥គ្រួសារ ដោយឡែកសម្រាប់ខេត្តកំពង់ធំ ទើបតែបានចំនួន២០០គ្រួសារទេ។

លោកឧកញ៉ា លឹម ប៊ុណ្ណា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពអនាម័យ ហូបស្អាតផឹកស្អាត រស់នៅស្អាតមើលថែរក្សាក្មេងៗ និងមនុស្សចាស់ ចៀសវាងមានឆ្លងជំងឺរាគរូស ឬគ្រោះថ្នាក់ក្នុងស្ថានភាពមានទឹកជំនន់នេះ និងសូមឲ្យចូលរួមការពារទន់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិត១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារឲ្យបាននូវមេរោគដ៏កាចសាហាវនេះ។

ក្នុងនោះ លោក សាយ គឹម ឡម អភិបាលរងស្រុកស្ទោង បានថ្លែងអំណរគុណដល់លោកឧកញ៉ា លឹម ប៊ុណ្ណា ដែលបានជួយដល់ប្រជាពលរដ្ឋស្រុកស្ទោង ក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយស្រោចស្រង់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ។ ប្រជាពលរដ្ឋរងគ្រោះ ដែលបានអំណោយ មកពីឃុំទ្រាចំនួន៨០ គ្រួសារ ឃុំកំពង់ចិនជើងចំនួន៦៨ គ្រួសារ ឃុំកំពង់ចិនត្បូងចំនួន ៥២គ្រួសារ៕