(សៀមរាប)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ដែលបានបំពេញការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នាពេលកន្លងមក ព្រមទាំងបានផ្តល់នូវអនុសាសន៍ចំនួន ៨ចំណុចដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន ដើម្បីយកទៅបំពេញភារកិច្ច ឱ្យកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។

ការផ្តល់អនុសាសន៍ទាំង ៨ចំណុចរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន តំណាងអង្គការ UNDP និង DFID នៅខេត្តសៀមរាប។

អនុសាសន៍ទាំង ៨ចំណុចរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី រួមមាន៖

*ទី១៖ បង្កើនស្មារតីទទួលខុសត្រូវ តម្កល់ប្រយោជន៍ជាតិខ្ពស់ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យ។

*ទី២៖ ពិភាក្សាស៊ីជម្រៅ រកឱ្យឃើញចំណុចខ្លាំងពិសេសចំណុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ។

*ទី៣៖ ត្រូវចែករំលែកបទពិសោធន៍ រវាងបុគ្គល និងបុគ្គល រវាងនាយកដ្ឋាន និងនាយដ្ឋានពិសេសបទពិសោធន៍នៃការដឹកនាំពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ដែលជាយន្តការដោះស្រាយងាយៗ ក្នុងការរួមចំណែកនៃការដឹកនាំប្រកបដោយចីរភាព។

*ទី៤៖ រួមគ្នា និងសហការល្អជាមួយបណ្តាប្រទេសជាមិត្តនឹងដៃគូអភិវឌ្ឍន៍ អង្គការនានា កៀរគររកជំនួយជាថវិកា មធ្យោបាយសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឱ្យវិស័យសកម្មភាពមីន។

*ទី៥៖ ពិចារណាលើការរៀបចំគម្រោងផែនការ MoU ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោសធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក។

*ទី៦៖ យកចិត្តទុកដាក់សុខទុក្ខរបស់មន្រ្តីនៅក្រោមឱវាទ ពិសេសបញ្ហាជីវភាពរស់នៅ ទាំងមន្រ្តីជំនាន់ក្រោយ និងរៀមច្បងជំនាន់មុន។

*ទី៧៖ បន្តរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលនាំចូលសុទ្ធសាធពីខាងក្រៅ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ ពិសេសដើម្បីប្រទេសជាតិយើងទាំងមូល។


ទី៨៖ ត្រូវព្រួតដៃគ្នាបន្តការពារសន្តិភាពឱ្យខានតែបាន ពិសេសសមិទ្ធផលនានា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕