(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យ ប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ នៅចំណុចសណ្ឋាគារឆាងឆឹង ស្ថិតក្នុងក្រុម១៨ ភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ ខែតុលានេះថា ប្រតិបត្ដិការចុះបង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ ខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ប្រតិបត្ដិការនេះ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយកម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង លឹម គឹមហេង បានបើកស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់៖ ឈ្មោះ HUANG XIAO HUI ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិចិន និងឈ្មោះ HU JUN ភេទប្រុស ឆ្នាំកំណើត១៩៩១ ជនជាតិចិន។ ដកហូតបានវត្ថុតាង៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់សុទ្ធ៩២២.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការខេត្តសីហនុ ដើម្បីចាត់ការតាមនីតិវី៕