(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជន ប្រមាណជាង៥,០០០នាក់ហើយ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញ ភ្នាក់ងារសន្ដិសុខឯកជន ពីនាយកដ្ឋានជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៩ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដៃគូសហការដែលមិនអាចខ្វះបាន ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមនាពេលបច្ចុប្បន្ន។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី វិស័យសន្ដិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរសក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលភ្នាក់ងារសន្ដិសុខឯកជន ពោពេញទៅដោយសមត្ថភាព។

ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ពុំមែនមានត្រឹមតែបម្រើការងារដល់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានប៉ុណ្ណោះទេស គឺមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារទ្រព្យសម្បត្តិ និងអាយុជីវិតដល់ប្រជាពលរដ្ឋផងដែរ។

លោកក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ភា្នក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ការពារ ថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទ្រព្យសម្បត្តិអាយុជីវិតប្រជាពលរដ្ឋ និងបានចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោកបន្ថែមថា នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជ មានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕