(ភ្នំពេញ) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត វ៉េង ហេង និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។

អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

សូមបញ្ជាក់ថា ក្នុងរយៈពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី២៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយទឹកជំនន់ បានសរុបចំនួន ១៩,០៥៤គ្រួសារ រស់នៅភូមិចំនួន៤៦៣ ឃុំចំនួន១៦២ ស្រុកចំនួន៥៦ ក្នុងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការកណ្តាលចំនួន ៩,៩០០គ្រួសារ និងដោយសាខាចំនួន ៩,១៥៤គ្រួសារ)៕