(ភ្នំពេញ)៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។ ពិធីបើការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បច្ចុប្បន្ននេះ ការធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្លងស្ពានព្រះមុនីវង្ស ពីច្បារអំពៅ ចូលទៅរាជធានីភ្នំពេញ តែងជួបការកកស្ទះចរាចរណ៍ខ្លាំង។ ជាពិសេសការធ្វើដំណើរនៅពេលព្រឹក និងពេលល្ងាច។

អ្នកស្រី យឿន រតនា ពលរដ្ឋភូមិកោះនរា បានលើកឡើងថា «និយាយទៅស្ទះគិតត្រឹមច្បារអំពៅ ទម្រាំទៅដល់ត្រឹមហ្នឹងចង់ ២០នាទី បើទៅដល់ភ្នំពេញវិញ ចង់មួយម៉ោង»

អ្នកស្រី យឿន រតនា បានថ្លែងថា ពេលស្ទះម្តងៗមានអារម្មណ៍ធុញថប់ ហើយការស្ទះនេះនាំឱ្យខាតពេលវេលា និងត្រូវខាត់បង់សាំងថែមទៀតផង។

កុមារី អឹម ប៉ែនលក្ខិណា បច្ចុប្បន្នកំពុងរស់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅផងដែរ។ កុមារីរូបនេះ ត្រូវធ្វើដំណើរពីច្បារអំពៅ មករៀនភាសាចិន នៅសាលាទួនហ្វា ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

ប៉ែនលក្ខិណា បានជួបការលំបាក និងធុញទ្រាន់ ជាមួយការកកស្ទះចរាចរណ៍នៅលើគល់ស្ពាន និងលើស្ពានព្រះមុនីវង្សផងដែរ។ កុមារីវ័យ ១៥ឆ្នាំរូបនេះ បានបញ្ជាក់ដូច្នេះ «ការធ្វើដំណើរតែងតែមានការស្ទះផ្លូវ ហើយវាធ្វើឱ្យយើងខាតពេលវេលា ខាតថវិកា។ និយាយទៅពិបាកក្នុងការធ្វើដំណើរ ចំណាយពេលប្រហែលកន្លះម៉ោងយូរដែរ។ មានអារម្មណ៍អត់ស្រណុកក្នុងខ្លួន ដោយសារយើងនៅមួយកន្លែងពេលស្ទះផ្លូវហ្នឹង ទៅណាអត់បានជាប់នៅហ្នឹង។ មួយវិញទៀតធំក្លិនផ្សែងឡាន ផ្សែងម៉ូតូផង ធ្វើឱ្យប៉ះពាល់ខ្លាំង»

ស្ពានដែលបើកការដ្ឋានសាងសង់នេះ មានចំនួនពីរមានប្រវែងសរុបជិត ៩០០ម៉ែត្រ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។ ស្ពានទី១ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

ស្ពានទាំងពីរខ្សែនេះ នៅពេលសាងសង់រួច ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ពីមុនមានស្ពានតែមួយទេ ប៉ុន្តែក្រោមគម្រោងអភិវឌ្ឍន៍កោះពេជ្រយើងធ្វើស្ពានព្រះមុនីវង្សទី២ រួចហើយយើងក៏ធ្វើស្ពានអាកាសនៅទីនោះ។ ក៏ប៉ុន្តែការកកស្ទះនេះ ក៏នៅតែកើតឡើង បើទោះបីយើងថែមស្ពាននៅឯតាខ្មៅមួយកន្លែងទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្លះអាចចែករំលែកទៅខាងណោះ ក៏ប៉ុន្តែវានៅតែកកស្ទះ។ អ៊ីចឹងទេ ការកសាងនូវស្ពានតភ្ជាប់ផ្លូវជាតិលេខ១ មកកោះនរា ហើយពីកោះនរា ទៅកោះពេជ្រ ក៏បានជួយកាត់បន្ថយនូវការកកស្ទះផងដែរ»

ប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅដែលធ្លាប់តែធុញទ្រាន់ក្នុងការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ ព្រោះតែការកកស្ទះចរាចរណ៍នោះ បានសម្តែងការសាទរជាខ្លាំង ចំពោះការសង់ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។ អ្វីដែលពួកគេរំពឹងនោះ គឺនឹងជួយធ្វើឱ្យការធ្វើដំណើរលែងកកស្ទះចរាចរណ៍ទៀតហើយ។

អ្នកស្រី សុខា ពលរដ្ឋភូមិកោះនរា បានថ្លែងថា «បើរាជរដ្ឋាភិបាលធ្វើអ៊ីចឹង ប្រជាជនរស់នៅទីនេះងាយស្រួលក្នុងការឆ្លងកាត់ចង់ទៅភ្នំពេញវាបានលឿន និងរហ័ស។ សប្បាយចិត្ត រាជរដ្ឋាភិបាលធ្វើអ៊ីចឹងប្រជាជននៅទីនេះសប្បាយចិត្ត វាជឿនលឿន ហើយវាបានទៅមកស្រួល ហើយយើងចង់ទៅណាមកណាអត់លំបាក»

អ្នកស្រី យឿន រតនា បានថ្លែងថា «និយាយទៅមានអារម្មណ៍ថា សប្បាយចិត្ត។ បើបានស្ពានសាងសង់រួចរាល់ទៅ យើងធ្វើដំណើរមិនសូវស្ទះ ហើយម្យ៉ាងទៀតយើងចង់ឡើងភ្នំពេញ អត់សូវលំបាកវៀងតាមស្ពានព្រះមុនីវង្ស»

កុមារី អឹម ប៉ែនលក្ខិណា បានលើកឡើងថា ក្រោយលេចវត្តមានស្ពាននេះ នឹងធ្វើឱ្យការធ្វើដំណើរមករៀនចិននៅសាលាទួនហ្វា លែងលំបាក ហើយចំណេញពេលវេលាផងដែរ។ «ខ្ញុំគិតថា ការធ្វើស្ពានហ្នងវាជួយយើងច្រើនក្នុងការធ្វើដំណើរ ធ្វើឱ្យយើងចំណេញពេលវេលា អត់ខាតថវិកា ងាយស្រួលធ្វើដំណើរទៅទីជិត ទីឆ្ងាយ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ថាបនិកនៃសុខសន្តិភាពនៅកម្ពុជា បានប្រសិទ្ធនាមឱ្យស្ពានថ្មីនេះថា «សមិទ្ធិផលថ្មី លើដីសន្តិភាព»។ សម្តេចតេជោ បានសង្កត់ថា បើមិនមានសុខសន្តិភាពមិនអាចមានវត្តមានស្ពានេះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឮសូរបងប្អូនមួយចំនួន បាននិយាយថា សមិទ្ធិផលថ្មី លើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអ៊ីចឹង បើកាលណាអត់មានសន្តិភាពទេ យើងមិនដឹងថា ធ្វើអ្វីបានដែរ? សូម្បីតែកាលមុននេះ នៅក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ស្ពានជ្រោយចង្វា ដែលពេលនោះកសាងក្រោមស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ កសាងសម្រាប់ប្រជាពលរដ្ឋ ផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក៏ត្រូវដាក់មីនបំផ្លាញផ្តាច់ចោលស្ពានហ្នឹងតែម្តង។ នោះហើយជាសង្គ្រាម ហើយស្ពាននេះត្រូវបានតភ្ជាប់ឡើងវិញ រហូតដល់ឆ្នាំ១៩៩៥។ ដូច្នេះភាសាថា សមិទ្ធិផលថ្មី លើដីសន្តិភាព គឺត្រឹមត្រូវ»។

ពលរដ្ឋអ្នកកោះនរា ក៏បានយល់ឃើញដូច្នោះដែរ។ ពួកគេ បានមើលឃើញថា បើគ្មានសន្តិភាពទេ ច្បាស់ណាស់នឹងគ្មានវត្តមានស្ពាន និងសមិទ្ធិផលដទៃទៀតក្នុងរាជធានីភ្នំពេញនោះឡើយ។

អ្នកស្រី សុខា បានគូសបញ្ជាក់ថា «ត្រូវហើយ អាហ្នឹងអ៊ីចឹងហើយ។ បើគ្មានសន្តិភាព ក៏យើងអត់មានអ្វីៗកើតឡើងអ៊ីចឹងដែរ។ បើយើងមានសង្គ្រាម ឬមួយមានអ្វីធ្វើឱ្យចលាចល វាអត់មានអីបានរុងរឿងទេ។ នរណាក៏ចង់បានសន្តិភាពដែរ»

អ្នកស្រី យឿន រតនា ក៏បានមើលឃើញពីតម្លៃមហាសាលនៃសុខសន្តិភាពផងដែរ។ លោកស្រី បានថ្លែងថា បើគ្មានសុខសន្តិភាព មិនអាចធ្វើអ្វីបានទាំងអស់។ «និយាយទៅយល់ស្របទាំងស្រុងហើយបង ដោយសារអ្វី? បើមានសង្គ្រាម យើងធ្វើម៉េចបានសមិទ្ធិផលទាំងអស់នេះកើតឡើង បើយើងរវល់តែធ្វើសង្គ្រាម។ ឥឡូវមានសន្តិភាពនេះហើយ ទើបយើងអាចមានអ្វីៗច្រើន ដូចជាអគារ ស្ពាន ថ្នល់ថ្មីៗ»

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ពង់ ខៀវសែ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍនេះ បានរួមចំណែកឱ្យរាជរដ្ឋាភិបាលស្វែងរកចំណូលតាមរយៈការបង់ពន្ធនានា ហើយយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពានឆ្លងទន្លេ ស្ពានអាកាស និងសមិទ្ធិផលដទៃទៀត សម្រាប់បម្រើប្រយោជន៍សាធារណៈ។ សម្តេចតេជោ បានចាត់ទុកការធ្វើបែបនេះ ជាការអនុវត្តន៍តាមនយោបាយ «យកស្លឹកត្នោតខ្ចប់ស្កត្នោត»៕