(កណ្តាល)៖ នៅថ្ងៃទី២៦ ខែតុលានេះ អំណោយអង្ករចំនួន១០តោន ថវិកា១០លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនផ្សេងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តាមរយៈឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ។

នៅចំពោះមុខលោកស្នងការ ឈឿន សុចិត្ត និងកងកម្លាំងចំនួន៥០០នាក់ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំងទូទាំងខេត្តផងដែរ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់មកដល់កងកម្លាំងថ្នាក់ក្រោមគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងដឹកនាំកងកម្លាំង បំពេញភារកិច្ចតាមជំនាញ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រកបដោយសុខសុវត្ថិភាព។

លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវរួមគ្នាគិត-រួមគ្នាធ្វើ ទើបការងារជោគជ័យថ្មីៗបន្ថែមទៀត។ ក្រៅពីការងារភារកិច្ច និងកាតព្វកិច្ចនៅក្នុងអង្គភាព សូមបងប្អូនទាំងអស់គ្នាថែរទាំសុខភាពឲ្យបានល្អ ហូបស្អាត រស់នៅស្អាត ដើម្បីជៀសឆ្ងាយពីជម្ងឺផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ ខ្ពស់ជាច្រើនរូបទៀត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ របស់កងកម្លាំងនគរបាលខេត្តកណ្តាល ក៏ដូចជាកងកម្លាំងផ្សេងៗទៀតទូទាំងប្រទេស៕