(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ និង ថ្នាក់ដឹកនាំក្រសួងនេះមួយចំនួន បានដឹកនាំមន្រ្ដីបច្ចេកទេស និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ ចុះធ្វើការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៥៨០០ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដែលតភ្ជាប់ពីភូមិគីរីថ្មី ឃុំសំរោងលើ ទៅដល់វត្តផ្អរ ភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលផ្លូវនេះបានរងខូចខាតដោយសារជំនន់ទឹកភ្លៀង ។

ចំពោះមុខ លោកបណ្ឌិតសភាចារ្យ អ៉ុក រ៉ាប៊ុន បានដឹកនាំ និងចាត់ចែងធ្វើការជួសជុលបន្ទាន់ជាបន្តបន្ទាប់នូវខ្សែផ្លូវសំខាន់ៗ ឱ្យបានទាន់ពេលវេលា សម្រាប់គាំទ្រ ដល់ជីវភាពរស់នៅទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសង្គមកិច្ចរបស់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងអំឡុងពេលកន្លងមក៕