(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមមន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរស្រុករវៀង នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវលំមួយខ្សែប្រវែង ១៣គីឡូម៉ែត្រ ពីភូមិភ្នំដែកទៅ ភូមិស្វាយដំណាក់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

នៅក្នុងឱកាសនោះ អភិបាលខេត្តព្រះវិហារ បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលផ្លូវនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋយើង។

ដោយឡែកលោក សំ លាងទ្រី បានថ្លែងប្រាប់ថា ផ្លូវលំមួយខ្សែដែលកំពុងជួសជុលនេះមានប្រវែង១៣គីឡូម៉ែត្រ ជាផ្លូវបុរាណ តភ្ជាប់ពីភូមិភ្នំដែក ឃុំរម្មណី ឆ្លងកាត់ភូមិបង្កើនផល ភូមិស្វាយដំណាក់រហូតដល់ឃុំរណសិរ្ស ស្រុកសង្គមថ្មី។

លោកបញ្ជាក់ថា បើគិតចំងាយពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែកទៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ប្រាសាទព្រះខ័ន គឺមានចំងាយ ៣៦គីឡូម៉ែត្រ តែពេលនេះយើងជួសជុលតែ១៣គីឡូម៉ែត្រ ត្រឹមភូមិស្វាយដំណាក់ទេ។

លោក សំ លាងទ្រី បានថ្លែងប្រាប់ឲ្យដឹងទៀតថា ក្រោមការណែនាំរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឲ្យសម្រួលផ្លូវនេះឡើងវិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយក្រុមបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការជួសជុលផ្លូវនេះជាបន្ទាន់ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ចំពោះថវិកាជួសជុលផ្លូវនេះ ជាថវិកាត្រៀមបម្រុងសម្រាប់ការងារទឹកជំនន់សង្រ្គោះបន្ទាន់ ដែលថវិកានេះទទួលបានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

លោកបញ្ជាក់ថា តាមការណែនាំរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី និងអភិបាលខេត្តព្រះវិហារ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងតែមមាញឹកក្នុងការជួសជុលយ៉ាងយូរប្រហែលមួយសប្តាហ៍ទៀតការងារនេះនឹងចប់សព្វគ្រប់៕