(ភ្នំពេញ)៖ ដោយសារស្ថានភាពទឹកជំនន់ក្នុងខណ្ឌដង្កោ បានបន្តស្រកចុះ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏ដូចជាក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ អមដំណើរដោយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោកអភិបាលរង មន្ត្រីរដ្ឋបាលសាលាខណ្ឌដង្កោ ចៅសង្កាត់ មេភូមិ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ យុវជន សសយក សង្កាត់ព្រែកកំពឹស និងប្រជាពលរដ្ឋជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកក្នុងសង្កាត់ព្រែកកំពឹស និងពិនិត្យមើលស្ថានភាពកាយផ្លូវរំដោះទឹក ដែលក្រុមការងាររដ្ឋបាលខណ្ឌដង្កោ បានប្រើគ្រឿងចក្រ កាយបើកមុខទឹករំដោះទឹកចំនួន ០៤ទីតាំង (រួមមានចំណុចព្រែកជ្រៃ, ប្រឡាយតាហោ, ប្រឡាយ ៨៨ខាងត្បូងពិភពថ្មីកួរស្រូវ និងប្រឡាយផ្លូវ ១០៤ មុខបុរីពិភពថ្មីកួរស្រូវ) ដើម្បីពន្លឿនការចុះស្រកនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ។

ក្នុងដំណើរបេសកកម្មនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកអាហារសម្រន់ ទៅចែកជូនក្រុមការងារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដូចតាមទម្លាប់ បរិភោគរួមគ្នាយ៉ាងស្និតស្នាល តែក៏មិនបានធ្វេសប្រហែស ចំពោះការ បង្កាទប់ស្កាត់ ការឆ្លងជម្ងឺ កូវីដ១៩នោះឡើយ ដោយក្រុមការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកទូបាញ់ថ្នាំសម្លាប់មេរោគ អាល់កុល ម៉ាស់ ទៅបែងចែកប្រើប្រាស់ ចំពោះអ្នកចូលរួមទាំងអស់ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន៕