(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញមោទនភាព និងក្ដីសប្បាយរីករាយនៅពេលប្រទេសកម្ពុជា មានកន្លែងហ្វឹកហ្វឺនដ៏ធំ ប្រើប្រាស់ដីជាង៥,០០០ហិចតា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៉ីហ្គេមនៅឆ្នាំ២០២៣។

កន្លែងហ្វឹកហ្វឺនដែលចំណាយថវិការាប់សិបលានដុល្លារ ជាថវិការបស់រដ្ឋ និងការចូលរួមរបស់សប្បុរសជនមួយផ្នែកនេះ គឺមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ដែលមានទីតាំងនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការបង្ហាញក្ដីមោទនរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសទទួលស្វាគមន៍វត្តមានប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទីលានហ្វឹកហ្វឺននេះ គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមពង្រឹងវិស័យការពារជាតិ តាមរយៈការពង្រឹង សមត្ថភាពកងទ័ព។ បើយើងនិយាយអំពីការពង្រឹងសមត្ថភាពកងទ័ព គឺត្រូវនិយាយអំពីការហ្វឹកហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការហ្វឹកហ្វឺន។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការរៀបចំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយនេះ ក៏ជាផ្នែកមួយនៃការត្រៀមទទួលភ្ញៀវ ក្នុងការប្រកួតកីឡាស៉ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតផ្សេងៗផងដែរ។ ប៉ុន្ដែលោកថា ទីលាននេះមិនសម្រាប់តែប្រកួតក្នុងលក្ខណៈជាតិ និងអន្ដរជាតិនោះទេ គឺនឹងក្លាយជាទីលានសម្រាប់ហ្វឹកហ្វឺនថ្នាក់ជាតិរបស់កម្ពុជាផងដែរ។

មេបញ្ជាការកងទ័ពជើងគោករូបនេះ បានអះអាងទៀតថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ក៏ប្រមូលផ្ដុំនូវធនធានទាំងអស់ក្នុងការកសាងតាមបែបស្ដង់ដារមួយ និងប្រមូលផ្ដុំធនធានសម្រាប់ហ្វឹកហ្វឺនទាំងគ្រូ ទាំងហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបំពាក់នៅកន្លែងតែមួយ។

ជាអ្នកផ្ដួចផ្ដើមក្នុងការកសាង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា ការវិនិយោគកសាងកន្លែងហ្វឹកហ្វឺននេះ មិនមែនសម្រាប់ចំពោះមុនឡើយ គឺសម្រាប់រយៈពេលវែង និងយុទ្ធសាស្ដ្រដ៏យូរអង្វែង។ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញមោទនភាព និងក្ដីសប្បាយរីករាយ នៅពេលកងទ័ពមានកន្លែងហ្វឹកហ្វឺនដ៏ធំមួយនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញនូវក្ដីសប្បាយរីករាយ ដោយមានការផ្ដល់នូវទំនុកចិត្តពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងទំនុកចិត្តពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាមេបញ្ជាការគ្រប់អង្គភាពចំណុះ ក្រសួងការពារជាតិ ដល់រូបលោកដើម្បីដឹកនាំដំណើរការសាងសង់នេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងជាតិ ទាំងអន្ដរជាតិ ដែលបានជួយគាំទ្រតាំងពីដំណាក់កាលចាប់ផ្ដើម ពោលតាំងពីទីតាំងនេះនៅជាព្រៃនៅឡើយ រហូតមកមានការកែប្រែដូចសព្វថ្ងៃនេះ ដែលដំណើរការសាងសង់គ្រោងនឹងបញ្ចប់ទាំងស្រុង នៅឆ្នាំ២០២២ខាងមុខនេះ។

គួរជម្រាបថា លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំប្រតិភូចុះពិនិត្យដំណើរការសាងសង់នេះ បានវាយតម្លៃថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើការសាងសង់នេះ មានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់ផងដែរ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ (គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ រយៈពេល៤ឆ្នាំ) ថវិការដ្ឋប្រមាណជាង១០លានដុល្លារ ប៉ុន្ដែនៅឆ្នាំ២០២១ គ្រោងចំណាយនឹងប្រើប្រាស់ថវិកាប្រមាណ៣លានដុល្លារទៀត ដើម្បីនឹងបញ្ចប់ការសាងសង់លើទីលានបាញ់គ្រាប់ពិត ប៉ុន្ដែចំនួនថវិកាដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង គឺច្រើនជាងនេះ។ លោកបន្ថែមថា សប្បុរសជនជាច្រើន ក៏បានឧបត្ថម្ភថវិកាដើម្បីសាងសង់មជ្ឈមណ្ឌលនេះផងដែរ។

គួរជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ ហើយតាមផែនការដែលបានគ្រោងទុក ការសាងសង់នេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២២៕