(កណ្តាល)៖ ដោយមានការដឹកនាំដោយភាពទទួលខុសត្រូវខ្ពស់ លើសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានដឹកនាំលោក លោកស្រី មេបញ្ជាការរង នាយ នាយរង ថ្នាក់ដឹកនាំក្នុងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចុះសួរសុខទុក្ខសំណេះសំណាល ចែកអំណោយ ដល់គ្រួសារអាវុធហត្ថជួបគ្រោះមហន្តរាយទឹកជំនន់ ពិសេសផ្សព្វផ្សាយវិធានការបង្ការការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់គ្រួសារអាវុធហត្ថ ផ្ទះលិចទឹកដោយគ្រោះធម្មជាតិចំនួន២១គ្រួសារដល់លំនៅដ្ឋាន និងចុះពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋាន ក្រុងស្រុកពាក់ព័ន្ធមួយចំនួន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខផ្តាំផ្ញើពីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានកិត្តិយស ស.អ.ក លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត និងលោកស្នងការនគរបាលខេត្ត។

បន្ថែមពីលើនោះលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចែកជូនដោយផ្ទាល់ ក្នុងមួយគ្រួសារៗ ទទួលបានសម្ភារមួយចំនួនរួមមាន៖ ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីវអ៊ីវត្រីខ ទឹកសុទ្ធ ក្រម៉ា សាប៊ូ អាល់កុល ម៉ាស់ ។ល។ ថវិកា និងសម្ភារសរុបដែលចែកជូនទាំងអស់ចំនួនជាង ២១លានរៀល ដែលជាថវិការបស់លោកមេបញ្ជាការ មូលនិធិកងរាជអាវុធហត្ថខេត្តកណ្តាល និងសប្បុរសជន។

តំណាងគ្រួសារ នាយ នាយរង នៃកងរាជអាវុធហត្ថជួបគ្រោះធម្មជាតិលិចទឹក មានជំងឺ និងមានជីវភាពខ្វះខាតទាំង២១គ្រួសារ មានសេចក្តីត្រេកអរជាខ្លាំងពន់ពេក និងបានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅនិងជូនពរដល់លោកទេសរដ្ឋមន្ត្រី គន់ គីម នាយឧត្តមសេនីយ៍ សៅ សុខា អភិបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ដែលបានជួយអន្តរាគមន៍ និងការផ្តល់អំណោយខាងលើនេះ៕