(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់អគារសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអគារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអគារសាលាយុត្តិធម៌ថ្មី។

ពិធីបើកការដ្ឋានសាងសង់ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ហើយអគារសាលាយុត្តិធម៌ទាំងនេះ មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អគារទាំងនេះដែរ គ្រោងនឹងចំណាយពេល ២ឆ្នាំកន្លះ ក្នុងការសាងសង់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរទីតាំងសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបច្ចុប្បន្ន ព្រមទាំងសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបច្ចុប្បន្ន ទៅកាន់ទីតាំងថ្មីក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC។ ការសម្រេចនេះធ្វើឡើងតបតាមសំណើសុំជាគោលការណ៍ របស់ក្រសួងយុត្តិធម៌ និងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា អគារសាលាយុត្តិធម៌ថ្មីទាំងនេះ នឹងត្រូវសាងសង់កម្ពស់៧ជាន់ លើផ្ទៃដី១ហិកតា៕