(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានដឹកនាំអ្នកពាក់ព័ន្ធជាង៣០០នាក់ ចុះដាំកូនឈើប្រណិតប្រមាណ ៦០០ដើម អមដងផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ក្នុងសង្កាត់ក្រាំងអំពិល សង្កាត់កំពង់បាយ ក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង នៃស្រុកទឹកឈូ ដែលមានប្រវែង២០០០ម៉ែត្រ ដើម្បីឆ្លើយតប និងអបអរសាទរប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ២០២០។ ពិធីនេះប្រព្រឹត្តទៅជាប់ដងផ្លូវជាតិលេខ៣ ក្នុងឃុំកំពង់គ្រែងស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ អភិបាលខេត្តកំពតបានលើកឡើងថា បុណ្យរុក្ខទិវា ៩កក្កដា ឆ្លុះបញ្ចាំងឲ្យឃើញជាក់ស្ដែងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិដាំព្រៃឈើឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវ ដោយរក្សាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

លោកអភិបាលបានចាត់ទុកការស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះ និងបង្កើតបានព្រៃឈើស្រស់បំព្រង គឺជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹងផ្នែកបរិស្ថាន មិនតែប៉ុណ្ណោះព្រៃឈើជាប្រភពស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី។ ពិសេសវាក៏ជាលក្ខខណ្ឌចាំបាច់ សម្រាប់បម្រើឲ្យវិស័យកសិកម្មទៀតផង។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតីចូលរួមអនុវត្តគោលនយោបាយ ដាំដើមឈើឡើងវិញ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នាថែមទៀត។

ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំដើមឈើនៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ដើម្បីបង្កើតបាននូវពណ៌បៃតង និងផ្កាគ្រប់ពណ៌ សម្រាប់លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្តទុកដាក់ជួយថែរក្សា ការពារកូនឈើទាំងអស់នោះឱ្យបានដុះលូតលាស់គង់វង្សល្អ៕