(រតនគិរី)៖ ស្រ្តីពោះធំម្នាក់ខណៈប្តី និងសាច់ញាតិ ជូនតាមម៉ូតូមកសម្រាកកូននៅមណ្ឌលសុខភាព ប៉ុន្តែដោយសារឈឺពោះខ្លាំង ទើបមិនអាចបន្តដំណើរមកបាន ហើយក៏សម្រាកកូននៅតាមផ្លូវ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រូពេទ្យ កម្លាំងនគរបាល និងប្រជាពលរដ្ឋនៅកន្លែងសម្រាលតែម្តង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានបញ្ជាក់ថា នៅវេលាម៉ោងខាងលើនេះ កម្លាំងនគរបាលល្បាត បានប្រទះឃើញស្ត្រីពោះធំម្នាក់ជិះម៉ូតូជាមួយប្អូន គោលដៅទៅមណ្ឌលសុខភាព តែចៃដន្យដល់ពាក់កណ្តាលផ្លូវត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ស្ត្រីរូបនោះក៏ឆ្លងទន្លេតែម្តង ហើយពេលឆ្លងទន្លេរួចត្រូវបានកម្លាំងអន្តរាគមន៍ ជួយដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរយ៉ាដាវទាន់ពេលវេលា ពោលគឺគ្មានគ្រោះថ្នាក់ទាំងម្តាយ និងទារក។

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ស្ត្រីសំរាលកូនតាមផ្លូវមានឈ្មោះ ទូច សុខខឿន អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

លោកអធិការនគរបាលស្រុកអូរយ៉ាដាវ បន្តថា កន្លងមកកម្លាំងក្រោមឱវាទតែងតែជួយដឹកជញ្ជូនស្ត្រីឈឺពោះទៅឆ្លងទន្លេនៅមណ្ឌលសុខភាព ជាច្រើនដងមកហើយ ហើយលោក និងកម្លាំងក្រោមឱវាទត្រៀមខ្លួនទាំងមធ្យោបាយ និងសម្ភារដើម្បីជួយប្រជាពលរដ្ឋគ្រប់រូប ក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទោះបីយប់ ថ្ងៃ ភ្លៀង ខ្យល់យ៉ាងណាក៏មិនរុញរាដែរ៕

លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ