(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួប និងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។

លោកស្រីបានថ្លែងថា រាជរដ្ឋាភិបាលពុំបានទុកឲ្យប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួន នៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមជាមួយគោលនយោបាយគាំពារសង្គម ដើម្បីជួយដល់កម្មករ-កម្មការិនីជាដើម។ល។

លើសពីនោះ លោកស្រីក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព៖

*ទី១៖ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើង ជាយថាហេតុ។
*ទី២៖ សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
*ទី៣៖ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យការពារនូវជំងឺកូវី១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
*ទី៤៖ នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

លោកស្រីក៏បានជំរុញឲ្យមន្ទីរជំនាញទាំង ៤រួមមាន៖ មន្ទីរសារធារណការ, មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក ត្រូវសហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ ក្នុងការផ្តល់គ្រាប់ពូជ និងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅពេលដែលទឹកបានស្រកទៅវិញ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈលោកស្រី និងថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

អំណោយសម្រាប់ ៥២គ្រួសារ ដែលទទួលបាននាពេលនេះ រួមមាន៖ មួយគ្រួសារ ទទួលបានអង្ករ ក្រណាត់កៅស៊ូតង់ ធុងទឹកជ័រ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ កន្ទេលបត់ ឃីត និងថវិកា៥ម៉ឺនរៀល។ ចំណែកឯ អង្គភាពទាំង ១១ទទួលបាន មី អង្ករ ទឹកដោះគោ និងទឹកសុទ្ធ៕