(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងដាក់ឲ្យដំណើរការ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ នៅដើមឆ្នាំ២០២១ ដើម្បីធានាបាននូវសន្តិសុខ និងប្រាក់ចំណូល នៅពេលមានហានិភ័យការងារ គ្រោះថ្នាក់ការងារ ឬជំងឺវិជ្ជាជីវៈកើតឡើង ជាយថាហេតុ។

ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា «ក្នុងកិច្ចប្រជុំលើកទី៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមប្រឹក្សាជាតិ បានសម្រេចថា នឹងគោរពស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុវត្ដរបបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ក្នុងពេលឆាប់ៗនេះ អាចនឹងចាប់ផ្ដើមពីឆ្នាំ២០២១តទៅ»

លោក ចន ណារិទ្ធ បានឲ្យដឹងថា ដើម្បីអាចទទួលបានអត្ថប្រយោជន៍ ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះ បុគ្គលនៃវិស័យសាធារណៈ ត្រូវចុះឈ្មោះ ក្នុងបញ្ជីផ្នែកហានិភ័យការងារ ជាមួយនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ។ សម្រាប់បុគ្គលនៃវិស័យសាធារណៈ ដែលទទួលបានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនេះ រាល់បន្ទុកនៃការបង់ភាគទាន ជាបន្ទុករបស់រដ្ឋ មិនមែនការការកាត់ប្រាក់បៀវត្សនោះឡើយ។

លោក ចន ណារិទ្ធ បានគូសបញ្ជាក់ទៀតថា អត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដែលបុគ្គលនៃវិស័យសាធារណៈ ទទួលបានមានចំនួន៦ រួមមាន៖

១៖ ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត (រួមមានសេវាសង្គ្រោះបន្ទាន់)
២៖ ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន (ករណី តម្រូវឲ្យមានអ្នកថែទាំនៅមន្ទីរពេទ្យ នោះអ្នកថែទាំនឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៥០% នៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះ)
៣៖ ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រៃ្តយ៍
៤៖ វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ (ផ្តល់ជូនតែម្តងគត់)
៥៖ វិភាជន៍បូជាសព (៤លានរៀល ជូនទៅជនដែលទទួលបន្ទុកផ្ទាល់ ក្នុងការចាត់ចែងបូជាសពជនរងគ្រោះ)
៦៖ សេវាស្តារនីតិសម្បទា។

បើតាមលោក ចន ណារិទ្ធ បានបញ្ជាក់ថា បុគ្គលដែលត្រូវបានគាំពារ ពីរបបសន្តិសុខសង្គម ក្នុងផ្នែកហានិភ័យការងារនេះ រួមមាន៖

* បុគ្គលនៃវិស័យសាធារណៈ (មិនទាន់បានអនុវត្តនៅឡើយ)
* មន្ត្រីរាជការ ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
* មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ ស្ដីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ
* មន្រ្តីរាជការដែលបម្រើការងារ នៅក្នុងស្ថាប័នតុលាការ
* មន្រ្តីដែលបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
* មន្រ្តីរាជការដែលបម្រើការងារ នៅក្នុងអាជ្ញាធរសវនកម្មជាតិ
* មន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ
* បុគ្គលនៃវិស័យសាធារណៈផ្សេងទៀត ដែលកំណត់ដោយអនុក្រឹត្យ។
* បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ (អនុវត្តតាំងពីឆ្នាំ២០០៨)៕