(ភ្នំពេញ)៖ «នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានធ្វើការអង្កេតតាមដានសត្វព្រៃ ដែលផ្តោតទៅលើចំនួន និងរបាយសត្វព្រៃចំនួន១៣ ប្រភេទសំខាន់ៗ ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា»។ នេះជាបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពសត្វព្រៃសំខាន់ៗ នៅក្នុងដែនជម្រកកែវសីមា ២០១០-២០២០ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។

ស្ថានភាពនៃប្រភេទសត្វទាំងនោះរួមមានទី១៖ ស្វាកន្ទុយស, ទី២៖ ទោចថ្ពាល់លឿង, ទី៣៖ ស្វាព្រាម, ទី៤៖ ស្វាក្តាម, ទី៥៖ ស្វាត្រោស, ទី៦៖ ស្វាអង្កត់, ទី៧៖ សត្វក្វោក, ទី៨៖ ជ្រូកព្រៃ, ទី៩៖ ឈ្លូស, ទី១០៖ ទន្សោង, ទី១១៖ ខ្ទីង, ទី១២៖ រមាំង, ទី១៣៖ ប្រើស។

ក្នុងវត្តមានសត្វទាំង១៣ប្រភេទនេះ សត្វស្វាកន្ទុយស មានស្ថេរភាព ៦៧៥៦ក្រុម ដែលចំនួននេះមិនមានការថយចុះនោះទេ, ទោចថ្ពាល់លឿង មាន៦៦៩ក្រុម, សត្វស្វាព្រាម មាន៣៦៤ក្រុម, សត្វស្វាក្តាម៤២៤ ក្រុម, សត្វស្វាត្រោស ១៤៨៣ក្រុម, សត្វស្វាអង្កត់ ៥៦ ក្រុម, សត្វក្ងោក មាន៩៦៦ ក្រុម, សត្វជ្រូកព្រៃ មាន១១៦២ក្រុម, សត្វឈ្លូស ៧៣២ក្រុម, ទន្សោង ថយចុះ, សត្វខ្ទីង ថយចុះ, សត្វរមាំង និងសត្វប្រើស ថយចុះ។ ដូច្នេះ បើយោងតាមទិន្នន័យប្រមូលបាន ដោយប្រើប្រាស់វិធីសាស្រ្តប្រមូលទិន្នន័យ តាមបទដ្ឋានវិទ្យាសាស្ត្រ ចំនួនសត្វក្ងោក និងស្វាតោសកំពុងមានការកើនឡើង។ ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ នៅថេរ។ ចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកជំពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបញ្ជាក់ថា ការថយចុះសត្វជើងបួន នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដូចជាសត្វប្រើស, សត្វឈ្លូស, សត្វខ្ទីង, សត្វទន្សោង និងរមាំង គឺជាចំនួនមួយគួរឱ្យព្រួយបារម្ភ ជាក់ស្តែងរយៈពេល០៩ខែ ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានក្តាប់ចំនួនសត្វ២ប្រភេទ គឺសត្វខ្ទីង ០៦ និងសត្វទន្សោងជាង១០ ត្រូវបានជាប់អន្ទាក់ និងរងការបាញ់សម្លាប់ពីសំណាក់ព្រានព្រៃ នៅក្នុងដែនជម្រកព្រៃការពារធម្មជាតិ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វព្រៃទាំងនេះ គឺជាសម្បត្តិធម្មជាតិ ដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះរបស់ពិភពលោក។ ក្រសួងបរិស្ថាន សូមជំរុញឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រួមមានមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សា និងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះ ឱ្យបានជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញព្រៃឈើ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ដែលសកម្មភាពទាំងនេះ បានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។

លោកថា ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេកូឡូស៊ីទេ តែយើងអាចលក់ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្ស និងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទ នឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន សូមបានអរគុណដល់អង្គការដៃគូ ដែលបានចូលរួមសហការ និងផ្តល់បច្ចេកទេស ក្នុងការពង្រឹងកិច្ចការអភិរក្សនេះឱ្យបានជោគជ័យ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សូមប្រកាសថា បច្ចុប្បន្ន ក្តីបារម្ភរបស់ក្រុមអភិរក្សអំពីការវិនាសផុតពូជ នៃប្រភេទសត្វពានរបានថយចុះ ដោយសារតែចំនួនប្រភេទពពួក ពានរ៣ប្រភេទរួមមានស្វាកន្ទុយស ទោចថ្ពាល់លឿង និងស្វាក្តាម និងជ្រូកព្រៃមានចំនួនថេរ និងចំនួនពានរមួយប្រភេទទៀត គឺស្វាត្រោសកំពុងមានការកើនឡើង សត្វក្ងោកមានចំនួនកើនឡើង។ ពពួកពានរទាំងនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ផ្សេងគ្នារួមមាន ប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង»

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា តំបន់ព្រៃការពារសីមា ត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិ មានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។

ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមាន៖ ទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទ ដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ប្រភេទ ជាប្រភេទរងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វាជាមោទកភាពដែលកម្ពុជាសម្បូណ៌ ដោយជីវៈចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួន ដែលបាន និងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោក ត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕