(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាពិភាក្សា ដើម្បីលើកកម្ពស់សមត្ថភាពយុវជន និង សហគ្រិន ក្រោមប្រធានបទ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម» នៅខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក សួន សុម៉ាលីន អភិបាលស្តីទីនៃគណៈអភិបាលខេត្ត រួមជាមួយនឹងវត្តមានលោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក និងសហគ្រិន នៅក្នុងខេត្តព្រៃវែង។

វេទិកាពិភាក្សា ដើម្បីលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិននេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

១៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យកសិកម្មសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩
២៖ ចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗរបស់វាគ្មិនជំនាញមកពីស្ថាប័ននានា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងធុរកិច្ច ដើម្បីជាការបំផុសគំនិត និងជួយជំរុញឲ្យយុវជនចាប់អារម្មណ៍ ក្នុងការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ថ្លែងក្នុងវេទិកាពិភាក្សានេះដែរ លោក ហ៊ុន ម៉ានី បានកោតសរសើរពីសារៈសំខាន់ នៃប្រធានបទដែលលើកយកមកពិភាក្សា ដោយបានផ្សារភ្ជាប់ទៅនឹង អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្តធ្វើជាបន្តបន្ទាប់ សម្រាប់ការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និង កសិឧស្សាហកម្ម ឲ្យក្លាយទៅជាវិស័យអាទិភាព ក្នុងការបង្កើតការងារថ្មី និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គមទូទាំងពិភពលោក។

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់យុវជន យុវនារី នៃអង្គវេទិកា ធ្វើយ៉ាងណាប្រឹងប្រែងក្តាប់នូវចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីកិច្ចពិភាក្សានេះ ដើម្បីធ្វើជាទុនបន្ថែមក្នុងការចាប់យកឱកាសឈានទៅរកភាពជោគជ័យក្នុងការបង្កើតអាជីវកម្ម និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនស្របតាមបរិបទ និងតម្រូវការទីផ្សារ។

លោកបានលើកឡើងថា «យើងម្នាក់ៗអាចមានគោលដៅខុសគ្នាក្នុងជីវិត ប៉ុន្តែជម្រើសរបស់យើងទាំងអស់គ្នា គឺការអភិវឌ្ឍខ្លួន និងការពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ដើម្បីការប្រកួតប្រជែងក្នុងទីផ្សារ»

ទន្ទឹមនេះលោកបន្ថែមថា ជាមួយនឹងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងកម្ពុជាជារួម ក្នុងបរិបទសាកលភាវូបនីយកម្ម គឺជាកត្តាចាំបាច់ដែលត្រូវការការចូលរួមទាំងអស់គ្នា ជាពិសេសយុវជនតែម្តង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី ក៏បានផ្តាំផ្ញើការនឹករលឹកដល់អាជ្ញាធរ និងកងកម្លាំងដែលកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា កំពុងតែជួបប្រទះនូវវិបត្តិគ្រោះទឹកជំនន់ ដោយលោកបានថ្លែងថា៖ «ខណៈដែលសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំនូវវេទិកាពិភាក្សានេះ ទឹកចិត្ត និងអារម្មណ៍គិតគូររបស់យើង នៅតែបន្តដក់ជាប់នៅជាមួយនឹងបងប្អូនៗ ជាអាជ្ញាធរ និងកងកម្លាំងដែលកំពុងតែឈរជើង ធ្វើការទាំងយប់ថ្ងៃ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋតាមតំបន់ជន់លិច នៅក្នុងបណ្តាខេត្តដែលរងប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន»។

សូមជម្រាបជូនផងដែរថា វេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ៖ «ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដោយមានការសហការជាមួយក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តព្រៃវែង និងស.ស.យ.ក. ខេត្តព្រៃវែង។

តាមរយៈវេទិកាពិភាក្សានេះ មិនត្រឹមតែជាវេទិកាសម្រាប់វាគ្មិនជំនាញនេះទេ ក្នុងនោះបងប្អូនប្រជាកសិករគំរូនៃខេត្តព្រៃវែង ក៏បានចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងភាពជោគជ័យរបស់ខ្លួនក្នុងការប្រកបរបរកសិកម្មជាពិសេសការដាំដុះបន្លែ និងចិញ្ចឹមសត្វ ដល់អ្នកចូលរួមផងដែរ។

គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០២០ ស.ស.យ.ក បានរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ៖ «ការជំរុញ សហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នេះ នៅក្នុងខេត្តស្វាយរៀង។ ទន្ទឹមនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងស្វែងរកលទ្ធិភាព ក្នុងការរៀបចំវេទិកាពិភាក្សានេះ ឲ្យបានទូលំទូលាយតាមបណ្តារាជធានី-ខេត្តនានាជាបន្តបន្ទាប់៕