(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីការបំផ្លិចបំផ្លាញពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ដោយកើតមាននូវបទល្មើសនេសាទ ប្រើឧបករណ៍ស្បៃមុងជាឧបករនេសាទខុសច្បាប់ ត្រូវបានច្បាប់ហាមឃាត់ដាច់ខាត ដែលឈ្មួញកំពុងយកមកប្រើប្រាស់ ធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រីទាំងតូចទាំងធំ ពិសេសគឺកូនត្រីតូចៗ ដើម្បីយកលក់ទៅឲ្យឈ្មួញដឹកចេញជារៀងរាល់ថ្ងៃនោះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០នេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកងរាជអាវុធហត្ថស្រុកជលគិរី ចាប់ឃាត់ខ្លួនតៃកុងរថយន្ត ដែលជាអ្នកបើកបររថយន្តដឹកកូនត្រីបានម្នាក់ និងរថយន្ត១គ្រឿង ដែលត្រូវបានមេឈ្មួញឲ្យមកដឹកពីស្រុកជលគិរី យកទៅកាន់ផ្សារផ្អាវ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឲ្យចុះធ្វើការឃាត់រថយន្តដឹកផលនេសាទ (កូនត្រី) នៅស្រុកជលគិរី ខណៈនោះលោកក៏បានបញ្ជាទៅមេបញ្ជាការ កងរាជអាវុធហត្ថស្រុកជលគីរី សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល ចុះឃាត់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 2A-0920 ចំណុះ១តោនកន្លះ និងកូនត្រីចំនួន២៨ពីដុង ស្មើនឹង៦៧២kg និងតែកុងរថយន្តម្នាក់ឈ្មោះ ឃឹម រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតាសែន ឃុំសុទឹម ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយធ្វើការឃាត់បាននៅវេលាម៉ោង៩៖១៥នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ឈ្មួញដែលមកទិញកូនត្រីពីតំបន់ស្រុកជលគីរី ហើយត្រូវបានសមត្ថកិច្ច ចាប់ឃាត់រថយន្ត និងកូនត្រីជាច្រើនរយគីឡូខាងលើនេះ គឺឈ្មាះ ចូច មានទីលំនៅឯផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ឈ្មោះនេះផងដែរ តែងតែបានមកប្រមូលទិញកូនត្រីនៅតំន់នេះ ជារាងរាល់ថ្ងៃ ដោយដឹកយកទៅលក់បន្តនៅឯខេត្តកំពង់ចាម។

ចំណែកឈ្មួញ ឈ្មោះ ចូច នេះ ក៏បានបំភ្លឺប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា លោកពិតជាបានទទួលស្គាល់នូវកំហុស ដែលលោកបានមកប្រមូលទិញកូនត្រី ដែលជាផលនេសាទបានមកពីបទល្មើស តែដោយលោកឃើញមានគេទិញដែរ។ ចំណែកកូនត្រីដែលលោកប្រមូលទិញនេះ គឺលោកពុំបានយកទៅលក់បន្តនោះទេ គឺទិញយកទៅធ្វើនុយឲ្យត្រីស៉ី ព្រោះសព្វថ្ងៃលោកចិញ្ចឹមត្រីខ្លួនឯង។

ទាក់ទងនឹងករណីបង្ក្រាបខាងលើនេះដែរ ប្រជាពលរដ្ឋនៅស្រុកជល់គិរីសាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការរបស់មន្ត្រីអាវុធហត្ថស្រុកជលគីរី ពិសេសដឹងគុណ និងថ្លែងអំណរគុណ ដល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានបញ្ជាមកសមត្ថកិច្ច ដើម្បីឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយចុះធ្វើការបង្ក្រាបករណីដែលឈ្មួញ បានមកប្រមូលទិញកូនត្រីជារៀងរាល់ថ្ងៃនេះ ដោយមិនមានការលើកលែងឡើយ ព្រោះកន្លងមកនៅក្នុងតំបន់ស្រុកជលគីរីនេះ ស្ទើរតែពុំមានការបង្ក្រាបទៅដល់ក្រុមឈ្មួញ ដែលបានមកប្រមូលទិញកូនត្រី បានមកពីការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ដូចពេលនេះនោះទេ។

ពួកគាត់ក៏សុំសំណូមពរដល់មន្ត្រីជលផលផងដែរថា បើទោះជារដូវនេះ ស្ថិតក្នុងរដូវបើកនេសាទក៏ដោយ ក៏សុំកុំឲ្យកើតមានបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទ ខុសទៅនិងច្បាប់ស្តីពីជល ផលនោះឡើយ។

ហេតុនេះពួកគាត់ក៏បានសំណូមពរលោកព្រះរាជអាជ្ញាឲ្យបន្តមានចំណាត់ការដល់ជនពាក់ព័ន្ធទាំងនោះ ជាប្រយោជន៍ទប់ស្កាត់ និងលប់បំបាត់នូវបទល្មើសនេសាទ ដោយប្រើឧបករណ៍ស្បៃមុង ដែលឧបករណ៍នេះវាបានបំផ្លិចបំផ្លាញដល់ពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។

ពួកគាត់បន្តថា ចំណែកបទល្មើសនេសាទនៅក្នុងស្រុកជលគីរីនេះដែរ គឺកើតមានយ៉ាងស្អែកស្កះ ទាំងរដូវបើក និងរដូវបិទ ដោយមានទាំងរបាំងសាច់អួនក្រឡាតូចធំ ពិសេសសម្បូរទៅដោយ ឧបករណ៍របាំងស្បៃមុង ដែលត្រូវបានគេដាក់លាតសន្ធឹងមួយរបាំងៗ រាប់រយម៉ែត្រ រីឯរបាំងសាច់អួនវិញ ក្នុង១របាំងៗមានប្រវែងរាប់គីឡូដី ប្រជានេសាទដែលរកនេសាទ ជាលក្ខណៈគ្រួសារដាក់មង ឬសន្ទូចរកត្រីមិនបានទេ ដោយសារតែមានរបាំងច្រើនពេកបើទោះជាមន្ត្រីជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពស្រុក បានចុះធ្វើការបង្កាបជាញឹកញាប់ យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែលួចដាក់ដដែល ដោយពួកគេមិនញញើតនិងច្បាប់នោះឡើយ៕