(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំជាថ្មីម្ដងទៀត ឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ យកចិត្តទុកដាក់ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ក្នុងការរក្សាបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង ក្រៅពីរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ ជូនប្រជាពលរដ្ឋ។

ការណែនាំរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង ក្នុងពេលដែលលោក ដឹកនាំមន្ត្រីក្រោមឱវាទ យកអំណោយរបស់ថ្នាក់ដឹកនាំយុវជនមកឧបត្ថម្ភដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដើម្បីលើកទឹកចិត្ត ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ស្ថិតនៅសាលាខណ្ឌ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

ការផ្ដល់អំណោយនេះ លោក ជា ពិសី ក្រៅពីការណែនាំឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ យកចិត្តទុកដាក់ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ក្នុងការរក្សាបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង ហើយនិងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ លោកក៏បានសង្កត់ធ្ងន់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ ដាច់ខាតត្រូវតែទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតមួយសន្លឹកមានសារសំខាន់បំផុត សម្រាប់ការបោះឆ្នោត ដែលជាសិទិ្ធនៃលទ្ធិប្រជាធិបតេយ្យ៕