(បាត់ដំបង)៖ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពី បែបបទ និងនីតិវិធីនៃការ កំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្របមានរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងប្រតិភូអមដំណើរ លោកស្រី សុំ ចិន្តា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ព្រមទាំងមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំង ក្រុមប្រឹក្សាឃុំសង្កាត់ ជាច្រើននាក់ផងដែរ។

លោកស្រី សុំ ចិន្តា អភិបាលរងខេត្តបានរាយការណ៍អំពីករណីគ្រោះទឹកជំនន់ថ្មីៗនេះ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការខូចខាតផលដំណាំកសិកម្មរាប់សិបហិកតា និងជួបប្រទះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ពីកិច្ចការជំនាញយើងតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដោយត្រូវនាំគ្នាអនុវត្តការងារនេះបន្តទៀត និងផ្តាំផ្ញើសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកស្រាប់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹងសម្រាប់យកទៅអនុវត្តឲ្យបានល្អចំគោលដៅផងដែរ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់អំពីករណីប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយកំពុងប្រឈមនឹងការប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ និងបន្តការខ្វះខាតនេះ នឹងអាចជួបការលំបាកអូសបន្លាយជាច្រើនខែខាងមុខ ហើយពាក់ព័ន្ធបញ្ហាប្រឈមក្នុងការឆ្លងកូវីដ-១៩ ផងដែរ ខណៈពេលពួកគាត់បានឆ្លងដែនទៅធ្វើការនៅ
ក្រៅប្រទេស។

លោកស្រី បានបន្តថា «រាល់បញ្ហាកើតមានឡើងរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ គឺជាបន្ទុកទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដូច្នេះហើយទើបយើងបានបន្តបើក វគ្គបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់ក្រោមជាតិបានយល់ដឹង និងរួមគ្នាទប់ស្កាត់អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីកុំឲ្យប្រជាពលរដ្ឋទទួលរងគ្រោះដោយ
សារការជួញដូរនេះ។ ហើយមន្រ្តីជំនាញត្រូវកំណត់អត្តសញ្ញាណការជួញដូរមនុស្ស និងជនរងគ្រោះ និងមេខ្យល់ដែលឆ្លៀតឱកាសផងដែរ»