(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃចាប់ពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវទឹកលិច ប៉ុន្តែពលរដ្ឋរងគ្រោះទាំងនោះទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងស្រុក និងសប្បុរសជនជាច្រើនទៀតផង។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឧបត្ថម្ភអង្ករចំនួន ១តោន ទឹកបរិសុទ្ធ២០០កេះ និងមី១០កេសធំ ស្មើនឹង៦០កេសតូច ជូនអភិបាលក្រុងប៉ោយប៉ែត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងក្រុងបន្តទៀត។

លោក គាត ហ៊ុល បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាច្រើនរយគ្រួសារ ត្រូវបានសមត្ថកិច្ចទាំង៣ រួមមាន អាវុធហត្ថ នគរបាល និងយោធា បានជួយជម្លៀសទៅទីទួល សុវត្ថិភាព ទាំងអស់ ថែមទាំងឧបត្ថម្ភស្បៀងឲ្យបានគ្រប់ៗគ្នាទៀតផង។

ជាមួយគ្នានេះ លោកអភិបាលក្រុង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានការសង្ស័យថា កន្លែងដែលបងប្អូនប្រឈមគ្រោះថ្នាក់ត្រូវ រាយការណ៍មកអាជ្ញាធរ ជាបន្ទាន់ ដើម្បីក្រុមសង្គ្រោះបានចុះជួយជម្លៀសរកទីទួលមានសុវត្ថិភាព ទាន់ពេលវេលា។

លោកបានអំពាវនាវឲ្យបងប្អួនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព ពីគ្រោះថ្នាក់ជាយថាហេតុ ត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗ កុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យលង់ទឹកស្លាប់ ធ្វើឲ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត៕