(កំពង់ឆ្នាំង)៖ ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើង កងទ័ពជើងគោកអាស៊ាន។ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ មានទីតាំងនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងឧកញ៉ា លី ហួរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ឯក ភួង ស៉ីភិន ប្រធានក្រុមការងារបច្ចេកទេស គម្រោងវិស្វកម្មកងរាជអាវុធហត្ថ បានឲ្យដឹងថា ទីតាំងដែលត្រូវបង្ហាញជូនគណៈប្រតិភូ រួមមាន៖ ទីលានបាញ់គ្រាប់ពិត, ឃ្លាំងគ្រាប់, ឃ្លាំងអាវុធ, ស្ថានីយផលិតទឹកស្អាតទី២, ឃ្លាំងភស្ដុភារបច្ចេកទេស, ទីតាំងកសាងមណ្ឌលពិព័រណ៌ពហុបច្ចេកទេស, អគារទីចាត់ការ, អាងស្ដុកទឹក, វេទិកា, ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ។

គួរជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៣ ហើយតាមផែនការដែលបានគ្រោងទុក ការសាងសង់នេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២២។

មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ នេះទៀតសោត ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងជំនួប កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) ២០២៣ខាងមុខ ហើយក្រុមការងារបច្ចេកទេស ក៏កំពុងខិតខំពុះពារគ្រប់លទ្ធភាព ដើម្បីសាងសង់បណ្ដាប្រភេទសំណង់សំខាន់ៗ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះផងដែរ។

រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស នៃកងយោធពលខេមរភូមិន្ទ ខិតខំសម្របសម្រួលគ្រប់កិច្ចការ ដើម្បីពន្លឿនការចុះហត្ថលេខាទ្វេរភាគី (កម្ពុជា-ចិន) បានដំណើរការសាងសង់ទីលានបាញ់គ្រាប់ពិត កងអន្ដរាគមន៍អាវុធហត្ថ និងការរៀបចំបំពាក់ មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស តាមពេលវេលា និងផែនការដែលបានគ្រោងទុក៕