(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ចែកជូនប្រជាពលរដ្ឋចំនួន៦២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ រួមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។ ពិធីនេះ ធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាទួលស្វាយ ស្ថិតនៅភូមិ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានលោកទេសរដ្ឋមន្ដ្រី គន់ គីម នាំទៅចែកជូនប្រជាពលរដ្ឋទាំង៤ឃុំ ក្នុងស្រុកអន្លង់វែង នោះរួមមាន អង្ករ២៥គីឡូក្រាម , មីជាតិ១កេស, ទឹកត្រី១យួរ និងទឹកបរិសុទ្ធ១កេស។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកអន្លង់វែងផងដែរ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា សម្ដេចទាំងទ្វេរតែងតែគិតគូរដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ពោលទីណាមានការលំបាក សម្តេចតែងតែមានមុខចុះដោះស្រាយនៅទីនោះ។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានចុះជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ចំនួន៤ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។

បន្ថែមពីនេះ លោក គន់ គីម ក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋស្រុកអន្លង់វែង ដែលតែងតែបោះឆ្នោតគាំទ្រគណក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ បន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបន្តទៀត ពោលគាំទ្រសម្តេចតេជោ គឺគាំទ្រសន្តិភាព និងការអភិវឌ្ឍជាតិ។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកអន្លង់វែង បានឲ្យដឹងថា នៅពាក់កណ្តាលខែតុលា មកដល់ពេលនេះ ស្រុកអន្លង់វែង រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងចំនួន០៤ឃុំ គឺឃុំត្រពាំងតាវ, ឃុំអន្លង់វែង, ឃុំថ្លាត និងឃុំលំទង។ ក្នុងនោះខូចខាតរួមមាន៖

*លិចផ្ទះប្រជាពលរដ្ឋ ចំនួន៩២៩គ្រួសារ
*លិចផ្លូវ ចំនួន២៥ខ្សែ
*លិចដំណាំស្រូវ ចំនួន៧០៣ហិកតា (ខូចខាតទាំងស្រុង ចំនួន៤៥១ហិកតា)
*លិចដំណាំកសិឧស្សាហកម្ម ចំនួន៦១១ហិកតា
*លិចដំណាំរួមផ្សំ ចំនួន៣៦៤ហិកតា៕