(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើតរបស់លោក ហេង សួរ ដែលបានទទួលមរណភាពនាវេលាម៉ោង ១០៖១៨ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

តាងនាមយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាដោយទទួលបានដំណឹងថា ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត លោក ហេង សួរ ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ដែលបានទទួលមរណភាពក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តអនេកនេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកឧបាសក ហេង ឃាង សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕