(តាកែវ)៖ ក្រុមចោរប្រដាប់ដោយកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅបាញ់ប្លន់ នៅផ្ទះផ្ទេរប្រាក់ Wing ស្ថិតនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅយប់ថ្ងៃទី០៥ ខែកម្ភ: ឆ្នាំ២០១៦នេះ ដោយយកអស់លុយជិតមួយមឺុនដុល្លារ និងបណ្តាលឲ្យរងរបួសស្រ្តីជាម្ចាស់ផ្ទះម្នាក់ផងដែរ។

មន្រ្តីនគរបាលខេត្តតាកែវ បានប្រាប់ អង្គភាព Fresh News ឲ្យដឹងថា ក្រុមចោរមានគ្នា៥នាក់ បានកាត់សោរទ្វាពីក្រោយផ្ទះ ជនរងគ្រោះ រួចហើយទៅភ្ជង់ ប្រមូលទ្រព្យសម្បត្តិ អស់លុយដុល្លារ ៣០០០ដុល្លារ និងលុយខ្មែរ អស់ប្រមាណ៩០០០ដុល្លារ ។

ជនរងគ្រោះជាប្រពន្ធ ឈ្មោះ នួន សំណាង អាយុ២៧ឆ្នាំ រងរបួសបាក់ដៃខាងស្តាំ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងប្តីឈ្មោះ រស់ ប៊ុនលី អាយុ ៣៧ឆ្នាំ មុខរបរគ្រូពេទ្យ ។

ក្រោយប្រមូលយកលុយហើយគេចទៅនោះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានស្រែកឲ្យគេជួយ ស្រាប់តែក្រុមចោរបានបាញ់ចំនួន៤ទៅ៥គ្រាប់ បណ្តាលឲ្យស្រ្តីជាម្ចាស់ផ្ទះរងរបួសចំដៃយ៉ាងធ្ងន់ធ្ងរ ។

នៅពេលនេះកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ និងសួរនាំជនរងគ្រោះ ដើម្បីស្រាវជ្រាវតាមចាប់ក្រុមចោរប្រដាប់អាវុធទាំងនេះ៕