(ស្វាយរៀង)៖ លោក ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង ស្រុករមាសហែក តំណាងលោក សៅ សុខា ប្រធានក្រុមថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុករមាសហែក អមដំណើរដោយអភិបាលស្រុក ប្រធានក្រុមប្រឹ ក្សា ស្រុក កងកម្លាំង អាជ្ញាធរមូលដ្ឋានភូមិ ឃុំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិកំពង់ថ្នា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ហុង វិណុល បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុកពីលោក សៅ សុខា ដែលតែងតែនឹករលឹកដល់ប្រជាពលរដ្ឋនៅស្រុករមាសហែក។

ជាមួយគ្នានេះ លោកបានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់។

សូមបញ្ជាក់ថា លោក ហុង វិណុល បានត្រួតពិនិត្យការខូចមានដំណាំស្រូវ ៥.៩០ហិកតា ផ្លូវប្រវែង៤៨០ម៉ែត្រ បាក់ធ្លាយទំនប់ទឹកមួយកន្លែងប្រវែង ១៥ម៉ែត្រ និងធ្លុះធ្លាយដំបូលសាលាបឋមសិក្សាកំពង់ថ្នា (ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ទទឹង ៩.១០ម៉ែត្រ បណ្តោយ ៤៨.១០ម៉ែត្រ។

លោកក៏បានសម្រេចជួសជុលដំបូលសាលា បឋមសិក្សា និងកសាងរោងដាក់កង់ ម៉ូតូជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ ក្រុមការងារ ក៏បានបន្តដំណើរចុះពិនិត្យជួសជុលដំបូល និងពិដានសាលាឆាន់វត្តជាធាជ ដែលបានជុសជុលរួចរាល់ជាស្ថាពរ។

លោក ហុង វិណុល បានឧបត្ថម្ភគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១០គ្រួសារ ក្នុងមួយគ្រួសារថវិកា១០ម៉ឺនរៀល អង្ករ២០គីឡូក្រាម មី១កេស កន្ទេល១ ក្រមា១ សារ៉ុង១ ត្រីខកំប៉ុង១យ៉ួរ៕