(កំពង់ឆ្នាំង)៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកងរាជអាវុធហត្ថស្រុកជលគិរី ធ្វើការចាប់ឃាត់ខ្លួនតៃកុងរថយន្ត ដែលជាអ្នកបើកបររថយន្តដឹកកូនត្រីបានម្នាក់ និងរថយន្ត ១គ្រឿង ដែលត្រូវបានមេឈ្មួញ ឲ្យមកដឹកពីស្រុកជលគិរី យកទៅកាន់ផ្សារផ្អាវ ខេត្តកំពង់ចាម។

ការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០ ដោយមើលឃើញពីការបំផ្លិចបំផ្លាញពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ការកើតមាននូវបទល្មើសនេសាទ ប្រើឧបករណ៍ស្បៃមុង ដែលជាឧបករណ៍នេសាទខុសច្បាប់ ត្រូវបានច្បាប់ហាមឃាត់ដាច់ខាត ដែលឈ្មួញកំពុងយកមកប្រើប្រាស់ ធ្វើសកម្មភាពដាក់ស្ទាក់ចាប់ត្រីទាំងតូចទាំងធំ ពិសេសគឺកូនត្រីតូចៗ ដើម្បីយកលក់ទៅឲ្យឈ្មួញដឹកចេញជារៀងរាល់ថ្ងៃ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឲ្យដឹងថា កម្លាំងបានចុះឃាត់រថយន្ត ១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-0920 ចំណុះ១តោនកន្លះ និងកូនត្រីចំនួន២៨ពីដុង ស្មើនឹង៦៧២គីឡូក្រាម និងតែកុងរថយន្តម្នាក់។ តៃកុងរថយន្តឈ្មោះ ឃឹម រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតា សែន ឃុំសុទឹម ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយធ្វើការឃាត់បាននៅវេលាម៉ោង ៩៖១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចដឹងដា ឋិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ឈ្មួញដែលមកទិញកូនត្រីពីតំបន់ស្រុកជលគីរី ហើយត្រូវបានសមត្ថកិច្ចធ្វើ ការចាប់ឃាត់រថយន្ត និងកូនត្រីជាច្រើនរយគីឡូខាងលើនេះ គឺឈ្មាះ ចូច មានទីលំនៅឯផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ឈ្មោះនេះផងដែរ តែងតែបានមកប្រមូលទិញកូនត្រីនៅតំន់នេះ ជារាងរាល់ថ្ងៃ ដោយដឹកយកទៅលក់បន្តនៅឯខេត្តកំពង់ចាម។

ឈ្មោះ ចូច ក៏បានបំភ្លឺប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ថា លោកពិតជាបានទទួលស្គាល់នូវកំហុស ដែលលោកបានមកប្រមូលទិញកូនត្រី ដែលជាផលនេសាទបានមកពីបទល្មើស តែដោយលោកឃើញមានគេទិញដែរ។ ចំណែកកូនត្រី ដែលលោកប្រមូលទិញនេះ គឺលោកពុំបានយកទៅលក់បន្តនោះទេ គឺទិញយកទៅធ្វើនុយឲ្យត្រីស៉ី ព្រោះសព្វថ្ងៃលោកចិញ្ចឹមត្រីខ្លួនឯង។

ទាក់ទងនឹងករណីបង្ក្រាបខាងលើនេះដែរ ប្រជាពលរដ្ឋនៅស្រុកជល់គិរី សាទរយ៉ាងក្រៃលែង ចំពោះចំណាត់ការរបស់មន្ត្រីអាវុធហត្ថស្រុកជលគីរី ពិសេសដឹងគុណ និងថ្លែងអំណរគុណ ដល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានបញ្ជាមកសមត្ថកិច្ច ដើម្បីឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយចុះធ្វើការបង្ក្រាប ករណីដែលឈ្មួញបានមកប្រមូលទិញកូនត្រីជារៀងរាល់ថ្ងៃនេះ ដោយមិនមានការលើកលែងឡើយ ព្រោះកន្លងមកនៅក្នុងតំបន់ស្រុកជលគីរីនេះ ស្ទើរតែពុំមានការបង្ក្រាបទៅដល់ក្រុមឈ្មួញដែលបានមកប្រមូលទិញកូនត្រី បានមកពីការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ ដូចពេលនេះនោះទេ។

ពួកគាត់ក៏សុំសំណូមពរដល់មន្ត្រីជលផលផងដែរថា បើទោះជារដូវនេះ ស្ថិតក្នុងរដូវបើកនេសាទក៏ដោយ ក៏សុំកុំឲ្យកើតមានបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទ ខុសទៅនិងច្បាប់ស្តីពីជល ផលនោះឡើយ។ ហេតុនេះពួកគាត់ ក៏បានធ្វើការសំណូមពរ ដល់លោកព្រះរាជអាជ្ញា ឲ្យបន្តមានចំណាត់ការដល់ជនពាក់ព័ន្ធទាំងនោះ ជាប្រយោជន៍ទប់ស្កាត់ និងលប់បំបាត់ នូវបទល្មើសនេសាទ ដោយប្រើឧបករណ៍ស្បៃមុង ដែលឧបករណ៍នេះវាបានបំផ្លិចបំផ្លាញ ដល់ពូជមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។

ពួកគាត់បន្តថា ចំណែកបទល្មើសនេសាទនៅក្នុងស្រុកជលគីរីនេះដែរ គឺកើតមានយ៉ាងស្អែកស្កេះ ទាំងរដូវបើក និងរដូវបិទ ដោយមានទាំងរបាំងសាច់អួនក្រឡាតូចធំ ពិសេសសម្បូរទៅដោយឧបករណ៍របាំងស្បៃមុង ដែលត្រូវបានគេដាក់លាតសន្ធឹងមួយរបាំងៗ រាប់រយម៉ែត្រ រីឯរបាំងសាច់អួនវិញ ក្នុង១របាំងៗមានប្រវែងរាប់គីឡូដី។

ប្រជានេសាទដែលរកនេសាទជាលក្ខណៈគ្រួសារដាក់មង ឬសន្ទូចរកត្រីមិនបានទេ ដោយសារតែមានរបាំងច្រើនពេកបើទោះជាមន្ត្រីជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ច នៃគណះបញ្ជាការឯកភាពស្រុក បានចុះធ្វើការបង្កាបជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែលួចដាក់ដដែល ដោយពួកគេមិនញញើតនិងច្បាប់នោះឡើយ៕