(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះអប់រំពីបញ្ហាសុខភាព ជាពិសេសគឺជំងឺកូវីដ-១៩ និងបានចែកជូនថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺមួយចំនួន ជូនប្រជាពលរដ្ឋរស់នៅក្នុស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាអំឡុងពេលដែលកម្ពុជានាពេលបច្ចុប្បន្ន កំពុងជួបបញ្ហាជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។

ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីបញ្ហាសុខភាពរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំង៣៦រូប បានធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅតាមខ្នងផ្ទះតាមតំបន់ដាច់ស្រយាល នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ពាង ផារ័ត្ន, លោក សាន វណ្ណេត, លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តំណាងអោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបន្ទុកចំនួន៣ឃុំ។

សូមជម្រាបជូនថា ការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ និងការផ្សព្វផ្សាយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់។

នាឱកាសនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានផ្សព្វផ្សាយអប់រំណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត វិធីបង្ការគ្រុនចាញ់, គ្រុនឈាម និងគ្រុនឈិកបូករួមនិងជំងឺផ្សេងៗទៀត។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមមាន៖ ចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល, ជំងឺផ្តាសាយ, សន្លាក់ឆ្អឹង, ក្រពះ, ពោះវៀន, ជំងឺទូទៅ និងបានចែកថ្នាំ មុលទីវីតាម៉ីន, វីតាម៉ីនសេ ព្រមទាំងចែកអាល់កុល និងថ្នាំពេទ្យមួយចំនួនទៀត។

ជាមួយគ្នានោះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ ជាមួយនឹងការផ្តល់អំណោយមួយចំនួនដូចជា៖ ១៖ អង្ករ ស្មើ ៥ គីឡូក្រាម, ២៖ មី១កេស ៥០កញ្ចប់, ៣៖ ត្រីខ ១ យួ ស្មើនឹង ១០កំប៉ុង, ៤៖ ទឹកត្រី ៣ដប, ៥៖ ប្រេងឆា ១ដប ស្មើ ២លីត, ៦៖ ថវិកា ២ ម៉ឺនរៀល ៧៖ ភួយម្នាក់១ និង៨៖ ចែលលាងដៃម្នាក់១ដប ក្នុងនោះផងដែរក៏បានក្រុមការងារក៏បានឧបត្ថម្ភថវិកាជូនដល់មូលដ្ឋានស្រុកចំនួន៤០ម៉ឺនរៀល ដើម្បីចាត់ចែងដល់អាជ្ញាធរភូមិ និងឃុំ ដែលសរុបថវិកាប្រមាណ២៣លានរៀល (ម្ភៃបីលានរៀល)។

លោក ពាង ផារ័ត្ន តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានអំពាវនាវជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងពីជំងឺផ្សេងៗនាអំឡុងពេលជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ននេះ និងជាពិសេសត្រូវមានការប្រុងប្រយ័ត្នជាមួយហ្នឹងសត្វធាតុផ្សេងៗ ក្រែងមានករណីចឹក និងទិចជាដើម និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។

អនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការភ្លេចខ្លួនជាមួយហ្នឹង ជំងឺកូវីដ-១៩ ទោះបីជាកម្ពុជាកំពុងជួបហ្នឹងបញ្ហាជំនន់ទឹកភ្លៀងក្តី។

លោក ពាង ផារ័ត្ន ក៏បានលើកទៀតថា «ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ»

គួរជម្រាបថា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារសហការទាំងអស់ក៏បានចុះមើលជំនន់ទឹកភ្លៀង នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបានពាំនាំជូនអំណោយមួយចំនួនជារបស់ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ៕