(ភ្នំពេញ)៖ «សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១» ឬហៅម្យ៉ាងទៀតថា «ច្បាប់ថវិកាជាតិឆ្នាំ២០២១» ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងសប្តាហ៍នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានប្រសិទ្ធនាមថា ជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ទិសទៅរកការស្តារឡើងវិញ ក្រោយពេលជំងឺកូវីដ១៩។

ច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គ្រោងនឹងចំណាយចំនួន៣០,៤៩១,៣៣៦លានរៀល ដែលស្មើនឹងប្រមាណ ៧,៥០០លានដុល្លារ ថយចុះ១.៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០។

ក្នុងនោះចំណាយចរន្តថ្នាក់ជាតិ ត្រូវបានកំណត់ឱ្យបានស្ថិតក្នុងកម្រិតចំនួន ១៧,៤៤៦,៨៤១លានរៀល ស្មើនឹងប្រមាណ៤,២៩១លានដុល្លារ ដែលថយចុះ៣.៣% ធៀបនឹងឆ្នាំ២០២០។

ចំពោះចំណាយបន្ទុកបុគ្គលិកក្នុងឆ្នាំ២០២១ ដែលរួមមានបៀវត្សមូលដ្ឋានប្រាក់បំណាច់មុខងារ លាភការ រង្វាន់ផ្សេងៗ និងប្រាក់វិភាជន៍សង្គម សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួន ៨ ៥៦៥ ៥៧៤ លានរៀលស្មើនឹង ប្រមាណ២១០៧លានដុល្លារ ថយចុះ០.៣ភាគរយធៀបនឹងឆ្នាំ២០២០។

ក្នុងឆ្នាំ២០២១ បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកា សម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំ២០២០។

ចំណាយក្រៅបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២១ ត្រូវបានគ្រោងចំនួន៨ ៨៨១ ២៦៧លានរៀល ស្មើនឹងប្រមាណ ២ ១៨៤លានដុល្លារ ថយចុះ៦.៥% ធៀបនឹងឆ្នាំ២០២០។

ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន១៣,០៤៤,៤៩៥លានរៀល ស្មើនឹងប្រមាណ ៣,២០៨លានដុល្លារ ថយចុះ០.១% ធៀបនឹងឆ្នាំ២០២០ ក្នុងគោលដៅគាំទ្រដល់ការបន្តអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ជាពិសេសការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ដោយឡែកសម្រាប់ចំណូលថវិកាថ្នាក់ជាតិ ត្រូវបានរាជរដ្ឋាភិបាល គ្រោងប្រមូលឲ្យបានក្នុងចំនួន ១៩,៩២៧,១៨៦លានរៀល ស្មើនឹងប្រមាណ ៤,៩០២ លានដុល្លារថយចុះ១៧.៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះចំណូលចរន្តថ្នាក់ជាតិ ត្រូវសម្រេចឱ្យបានចំនួន១៩,៧០៥,៩៨៣លានរៀល ស្មើនឹងប្រមាណ ៤ ៨៤៧លានដុល្លារថយចុះ១៧.៥% ធៀបនឹងឆ្នាំ២០២០។

ចំណូលសារពើពន្ធត្រូវសម្រេចឱ្យបានចំនួន ១៧,៥២០,០០០លានរៀល ស្មើនឹងប្រមាណ៤ ៣០៩លានដុល្លារ ថយចុះ១៦.៩% ធៀបនឹង ឆ្នាំ២០២០ ដោយក្នុងនោះចំណូលគយ និងរដ្ឋាករត្រូវបានគ្រោងចំនួន៩ ៤៩៦ ០០០លានរៀល ស្មើនឹងប្រមាណ២ ៣៣៦លានដុល្លារ ដែលថយចុះ១៨.៥% ធៀបនឹងឆ្នាំ២០២០ និងចំណូលពន្ធដារត្រូវបានគ្រោងចំនួន៨ ០២៤ ០០០លានរៀល ស្មនឹងប្រមាណ១ ៩៧៣លានដុល្លារ ថយចុះ១៥% ធៀបនឹងឆ្នាំ២០២០។

ចំណូលមិនមែនសារពើពន្ធ ត្រូវបានគ្រោងចំនួន២,១៨៥,៩៨៣លានរៀល ស្មើនឹងប្រមាណ៥៣៧ លានដុល្លារ។ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលមិនបានដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រាពន្ធនោះទេ។

ចំណូលមូលធន ត្រូវបានគ្រោងចំនួន៦ ៥៤៤ ៣៥៣លានរៀល ស្មើនឹងប្រមាណ១៦០៩ លានដុល្លារ មានកំណើន ០.៧% ធៀបនឹងឆ្នាំ២០២០។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៥០០លានអេសដេអ៊ែ-SDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ស្មើនឹងប្រមាណ២ពាន់លានដុល្លារអាមេរិក គឺកើនឡើង១០០លាន SDR ធៀបនឹងឆ្នាំ២០២០។

សូមជម្រាបថា ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០២០ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៨,២២៣លានដុល្លារ ប៉ុន្តែដោយសារជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានកាត់បន្ថយការចំណាយលើក២ សន្សំប្រាក់បានជាង៩០០លានដុល្លារ។ ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលឲ្យបាន ៦ ៤៩៦លានដុល្លារ។

ថវិកាឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេសសំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។

ថិវកាឆ្នាំ២០២១ អាចប្រសិទ្ធនាមបានថាជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន»