(កំពង់ធំ)៖ លោកស្រី មាន សំអាន សមាជិកព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីកម្ពុជា បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០ គ្រួសារ មកពី៣ភូមិ ក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីចែកអំណោយបានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ នៅសាលាឃុំនីពេជ ដោយមានការចូលរួមពីលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា មន្ត្រីរាជការជុំវិញស្រុក ប្រជាពលរដ្ឋជាច្រើនរូប។

លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅឃុំនីពេជ ដែលត្រូវទទួលអំណោយនាពេលនេះ មានចំនួន៥០គ្រួសារ មកពី ៣ភូមិ គឺភូមិនីពេជ (ក) ចំនួន២០ គ្រួសារ ភូមិនីពេជ (ខ) ២០ គ្រួសារ និភូមិដូនឈូក ១០គ្រួសារ ដែលទាំងអស់នេះជាគ្រួសារ ចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនងាយរងគ្រោះ។

ជាមួយគ្នានេះដែរលោកស្រី មាន សំអាន បាននាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់ចែករំលែកនូវការលំបាកជាមួយប្រជាពលរដ្ឋនាពេលនេះ។

លោកស្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលក្នុងនោះត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹកពីព្រោះអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។

លោកស្រីផ្តាំបន្តថា ត្រូវគិតគូរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បង ដោយត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់ផ្សេងៗដែលធ្វើឱ្យខាតបង់ពេលវេលានិងថវិកាក្នុងការព្យាបាលជំងឺ៕