(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានបន្ដចុះជួបសំណេះសំណាល ជាមួយប្រជាជន និងមន្ត្រីជាថ្នាក់ដឹកនាំភូមិរដ្ឋបាលចំនួន១០ និងភូមិឧបសម្ព័ន្ធចំនួន២៧ ក្នុងឃុំគ្រញូងសែនជ័យ និងឃុំស្រែចារ នៅទីតាំង២កន្លែងផ្សេងគ្នា ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់។

ការចុះជួបសំណេះសំណាលនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិករដ្ឋសភា ថ្នាក់ដឹកនាំក្រសួងជាប្រធាន អនុប្រធានក្រុមការងារស្រុកស្នួល អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលស្រុកស្នួល និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

គោលបំណងសំខាន់នៃជំនួបនេះ គឺសំដៅស្វែងយល់ពីស្ថានភាពរួមរបស់មូលដ្ឋាន ជាពិសេសស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងរដ្ឋបាលក្នុងភូមិឧបសម្ព័ន្ធ ដែលមានប្រជាជនជាអ្នកផ្លាស់ទីលំនៅពីកន្លែងផ្សេង ចូលមករស់នៅទីនោះ (អ្នកចំណូលស្រុក)។

សូមបញ្ជាក់ថា នៅស្រុកស្នួលទាំងមូល ក្នុងឃុំទាំង៦ មានភូមិរដ្ឋបាលផ្លូវការចំនួន៤០ និងមានភូមិឧបសម្ព័ន្ធ (បណ្តោះអាសន្ន) ចំនួន៧៥ ដែលមានប្រជាពលរដ្ឋ ១១,២៨៥គ្រួសារ និងចំនួនមនុស្សសរុប ៤៦,១៥៤នាក់។

ក្នុងកិច្ចប្រជុំនាពេលរសៀលថ្ងៃដដែល រវាងក្រុមការងារជាមួយអាជ្ញាធរស្រុក គឺបានឯកភាពគ្នា នឹងយកព័ត៌មានស្វែងយល់ឃើញខាងលើ ធ្វើជាបង្អែកឲ្យរដ្ឋបាលខេត្តក្រចេះ ធ្វើសំណើទៅថ្នាក់លើដើម្បីធ្វើការពិនិត្យដោះស្រាយ ឲ្យបានសមស្របទៅតាមសំណូមពររបស់មូលដ្ឋាន៕