(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,២៥០គ្រួសារ ដែលមកពី៦សង្កាត់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្រាប់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀងខាងលើ ដែលមកពី៦សង្កាត់ រួមមាន៖ សង្កាត់និរោធ ចំនួន១៥០គ្រួសារ, សង្កាត់វាលស្បូវ ចំនួន២៥០គ្រួសារ, សង្កាត់ក្បាលកោះ ចំនួន២០០គ្រួសារ, សង្កាត់ព្រែកឯង ចំនួន៣០០គ្រួសារ, សង្កាត់ព្រែកថ្មី ចំនួន២៥០គ្រួសារ និងសង្កាត់ព្រែកប្រាចំនួន១០០គ្រួសារ។

ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្គរ៣០គីឡូ, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ ដែលមានសារុង ក្រមា មុង ភួយ អាវយឺត២។

សូមជម្រាបថា កាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងជាង១ពាន់គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស។

ជាក់ស្ដែងក្នុងអំឡុងគ្រោះមហន្ដរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានខិតកាន់តែជិត រួមសុខ រួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលា ដើម្បីជួយស្វះស្វែងជួយសម្រាលការលំបាក។

កាកបាទក្រហមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល ដោយរាល់អំណោយទាំងអស់ គឺបានមកពីសប្បុរសជន ក្នុង និងក្រៅស្រុក មិនមែនប្រើថវិការបស់រាជរដ្ឋាភិបាលនោះទេ។ លើសពីនោះ កាកបាទក្រហមកកម្ពុជា ជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕