(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកពីភូមិចំនួន១២ ដែលភូមិមួយចំនួនស្ថិតនៅជាប់បឹងទន្លេសាប ដែលអំណោយទាំងនោះទទួលបានការ ឧបត្ថម្ភពីសមាគមរោងចក្រស៉ីម៉ងត៍ កម្ពុជា ដោយក្នុង១ គ្រួសារៗ ទទួលបាននូវថវិកា ៤០,០០០រៀល អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ឆៃប៉ូវ១គីឡូ ក្រាម សាប៊ូម្សៅ១កញ្ចប់។

លោកបាននាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាមានសម្តេចប្រធាន សម្តេចប្រធានកិតិ្តយស និងសម្តេចអនុប្រធាន ដោយសម្ដេចតែងតែគិតគូរ និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងកម្មវិធីនេះមានការចូលរួមពីតំណាងរាស្ត្រមណ្ឌល ខេត្តពោធិ៍សាត់ សមាជិកព្រឹទ្ធសភា តំណាងសមាគមរោងចក្រស៉ីម៉ងត៍កម្ពុជា ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុក ថ្នាក់ឃុំ។

លោកបានមានប្រសាសន៍បន្តថា អំណោយនេះគឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយជីវភាពភ្លាមៗ អ្វីដែលសំខាន់គឺការបង្កបង្កើនផល និងចិញ្ចឹមសត្វក្រោយពេលទឹកស្រកវិញ។ រាជរដ្ឋាភិបាលបានត្រៀមគ្រាប់ពូជ អ្នកបច្ចេកទេស ផ្នែកកសិកម្ម សម្រាប់ចែកជូន និងណែនាំដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ សម្រាប់បង្កបង្កើនផលក្រោយពេលទឹកស្រក ។

ក្រោយពីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកកជំនន់រួចរាល់ លោក ស៊ុយ សែម និងលោកស្រី ព្រមទាំងក្រុមការងារបានបន្តដំណើរ ទៅពិនិត្យ ការដ្ឋានសាងសង់អាគារសិក្សាមួយខ្នងកំពស់២ជាន់មាន១២បន្ទប់ មានបន្ទប់ទឹក៤បន្ទប់ ខាងក្នុង និងបន្ទប់ទឹក១០បន្ទប់ ទៀតខាងក្រៅអាគារ ស្ថិតក្នុងវិទ្យាល័យព្រះម្លូរ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ជាកាដូជូនដល់ ប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់៕