(ភ្នំពេញ)៖ បើទោះបីជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបាន រំលាយ ហើយក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុមនេះត្រូវបានចាប់ខ្លួន និងដកហូតសិទ្ធិធ្វើនយោបាយក៏ដោយក៏ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានៅតែត្រូវបានពួកឧទ្ទាមក្រៅច្បាប់បន្តអនុវត្តជា បន្តបន្ទាប់ ក្រោមការគាំទ្រទាំងនយោបាយនិងហិរញ្ញវត្ថុពីបរទេសមួយចំនួន។ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះដែលមានមេដឹកនាំបញ្ជាពីក្រៅប្រទេស កំពុងរៀបចំផែនការបំផ្ទុះចលនាបដិវត្តន៍ពណ៌សារជាថ្មីដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមគោលដៅដែលពួកគេចង់បានដដែល។

ប៉ុន្តែលើកនេះពួកគេបានផ្លាស់ប្តូរយន្តការនិងយុទ្ធសាស្ត្រថ្មីដើម្បីធ្វើសកម្មភាពតាមរយៈការប្រើប្រាស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល​មួយចំនួនឲ្យដើរតួជំនួស​គណបក្សប្រឆាំងជ្រុលនិយមដែលត្រូវបានតុលាការកំពូលរំលាយចោល។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ ពួកគេបានបញ្ចូលក្រុមសកម្មជននយោបាយ​ប្រឆាំងឲ្យធ្វើ​សកម្មភាពដោយជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិលវិញម្តង ក្រោមការជួយជ្រោមជ្រែងពីបរទេសមួយចំនួនដែលជាចៅហ្វាយនាយ។

រីឯអង្គការសង្គមស៊ីវិលទាំងនោះទៀតសោត មួយចំនួនគឺជាអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងដោយមិនបានចុះបញ្ជីជាផ្លូវការនៅ​ស្ថាប័នដែលកំណត់​ដោយច្បាប់ឡើយ។

តើហេតុអ្វីបានជាក្រុមឧទ្ទាមក្រៅច្បាប់ក្រោមការជួយជ្រោមជ្រែងរបស់បរទេស ផ្លាស់ប្តូរយុទ្ធសាស្ត្រមកប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពជំនួសឱ្យក្រុមបក្សប្រឆាំង?

ទី១៖ ដោយពួកគេគិតថា បើបន្តធ្វើសកម្មភាពក្រោមរូបភាពបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយគឺជាសកម្មភាពខុសច្បាប់ ដែលអាចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់បានដោយងាយ។

ទី២៖ ពួកគេគិតថា ការប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលអាចមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលជាងពីព្រោះម្យ៉ាង អាជ្ញាធររាជរដ្ឋាភិបាលពិបាកចាត់ការចំពោះក្រុមអង្គការសង្គមស៊ីវិល និងម្យ៉ាងទៀត ពួកបរទេសក៏ងាយស្រួលលូកដៃចូលដោយសារអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំងមួយចំនួនដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។ល។និង។ល។ គឺជាច្រកស្របច្បាប់មួយដើម្បីបិទបាំងការផ្តល់ជំនួយទាំងមធ្យោបាយ សម្ភារៈ និងថវិកាដើម្បីបំរើឱ្យផែនការសកម្មភាពក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល។

ទី៣៖ ពួកគេយល់ឃើញថា អង្គការសង្គមស៊ីវិលអាចចងភ្ជាប់ជាមួយនឹងចលនាមហាជនបានងាយស្រួល និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោមរូបភាពបន្លំភ្នែកមហាជនថា អង្គការសង្គមស៊ីវិលទាំងនោះជាអ្នកការពារប្រយោជន៍ជនស្លូតត្រង់ និងងាយរងគ្រោះក្នុងសង្គម។

ទី៤៖ ពួកឧទ្ទាមក្រៅច្បាប់ក៏ បានដើរតួដោយជ្រកក្រោមស្លាកក្រុមយុវជនដើម្បីធ្វើសកម្មភាពបង្កភាពវឹកវរក្នុងសង្គម។ គោលបំណងរបស់ពួកគេគឺ ក្នុងករណីដែលមានការចំណាត់ការពីអាជ្ញាធរ ពួកគេងាយបំភាន់ភ្នែកមហាជនអោយគេយល់ច្រលំថា រដ្ឋាភិបាលបានចាត់វិធានការប៉ះទៅលើយុវជន ដែលមានចំនួនភាគច្រើនក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ពួកក្រុមប្រឆាំងនៅឯក្រៅប្រទេស ក៏យកបញ្ហានេះទៅបរិហារ បំពងសំឡេងដោយភ្ជាប់ទៅនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទាំងផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចមកលើជាតិនិងប្រជាជនកម្ពុជា។

ស្របពេលជាមួយគ្នានេះ ពួកក្រុមជ្រុលនិយមនៅក្នុងប្រទេសដែលជាកូនអុករបស់ពួកឧទ្ទាមក្រៅច្បាប់ បានឃុបឃិតគ្នាដោយប្រើដៃអង្គការសង្គមស៊ីវិល និងសកម្មជនរបស់ពួកគេ ដើម្បីកសាងកម្លាំងនៅតាមមូលដ្ឋាន និងរៀបចំបណ្តុះបណ្តាលជំនាញនិងវិធីសាស្ត្រផ្សេងៗ ដោយបញ្ជ្រាបមនោគមវិជ្ជាឲ្យពួកសកម្មជនធ្វើសកម្មភាពទាមទារតវ៉ាក្រោមរូបភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំរបស់ពួកគេ។ ក្រៅពីអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ កុំឲ្យមកវិនិយោគ និងកុំឲ្យទិញទំនិញពីកម្ពុជា ដែលជាសកម្មភាពបំផ្លាញសេដ្ឋកិច្ចជាតិ ពួកក្រុមជ្រុលនិយមបានប្រើប្រាស់កម្លាំងសហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនដែលពួកគេឲ្យដើរតួទាំងនោះ ដើម្បីអនុវត្តសកម្មភាពជាក់ស្តែង តាមរយៈការចេញតវ៉ាបញ្ហាដីធ្លី និងការទាមទារយុត្តិធម៌សង្គម សុំឲ្យដោះលែងជនសង្ស័យដែលអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅតុលាការ តាមបែបអនាធិបតេយ្យ និងប្រើប្រាស់សិទ្ធិរបស់ពួកគេបំពានទាំងកំរោលបំពានលើគោលការណ៍ច្បាប់។ ប៉ុន្តែ សកម្មភាពនិងល្បិចកលទាំងអស់នេះ ពិតជាមិនអាចរំលងពីក្រសែភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ចបានឡើយ។

ជាភស្តុតាងជាក់ស្តែង នាពេលចុងក្រោយនេះ ពួកក្រុមឧទ្ទាមក្រៅច្បាប់បាននិងកំពុងពិភាក្សាគ្នារៀបចំផែនការសកម្មភាពថ្មី ដោយបំផុសឲ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលបន្តទៀត។ សូមស្តាប់សំឡេងរបស់ សេង ម៉េងប៊ុនរ៉ុង ជំនួយការរបស់ មួរ សុខ ហួរ នៃក្រុមចលនាឧទ្ទាមនៅក្រៅប្រទេសក្នុងការបញ្ជាតាម Channel Telegram ឱ្យសមាជិករបស់ខ្លួនបន្តអនុវត្តផែនការ បដិវត្តន៍ពណ៌នៅកម្ពុជា។

អ្វីដែលក្រុមជ្រុលនិយមកំពុងអនុវត្តគឺចង់យកគំរូតាមបាតុកម្ម និងកូបកម្មនៅបណ្តាប្រទេសផ្សេងៗ ជាពិសេសនៅទីក្រុងហុងកុង និងប្រទេសថៃ ដោយពួកគេកំពុងបំផុស អូសទាញ កម្លាំងពីមូលដ្ឋានឱ្យឡើងមកជួបជុំចូលរួមប្រមូលផ្តុំនៅរាជធានី ភ្នំពេញ ដើម្បីតវ៉ាបញ្ហាជម្លោះដីធ្លី, បញ្ហាបរិស្ថាន, បញ្ហាធនធានធម្មជាតិ, និងបញ្ហាព្រំដែនជាដើម។ នេះហើយដែលជាឧបាយកលចាស់ យុទ្ធសាស្ត្រថ្មីរបស់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ដែលកំពុងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

នៅចំពោះមុខឧបាយកល បង្កឡើងដោយក្រុមជ្រុលនិយមទាំងនេះដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងជាពិសេសក្នុងដំណាក់កាលដែលអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងគ្រប់គ្រងមេរោគរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការច្បាប់ដើម្បីការពារឱ្យខាងតែបាន​នូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងប្រឆាំងដាច់ខាតរាល់ផែនការផ្តួលរំលំក្រៅប្រព័ន្ធបោះឆ្នោត។

គួររម្លឹកថា ផែនការធ្វើបដិវត្តន៍ពណ៌លើកទី១នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ទទួលបរាជ័យទាំងស្រុង។ ជាលទ្ធផលអង្គការចាត់តាំងនយោបាយដែល ជាតួអង្គអនុវត្តន៍ចលនាបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយចោលទាំងស្រុង។ ដោយសារការទប់ស្កាត់បានចលនមាបដិវត្តន៍ពណ៌ និងការរំលាយចោលគណបក្សដែលជាជំរករបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះហើយបានជាការបោះឆ្នោតឆ្នាំ ២០១៨ ប្រព្រឹត្តទៅដោយសុខសន្តិភាព ទាំងមុនពេល កំឡុងពេល និងក្រោយពេលបោះឆ្នោត។ សុខសន្តិភាព និងក្តីសប្បាយរីករាយរបស់ពលរដ្ឋបានកើនឡើងខ្ពស់ខុសពីពេលមុនដែល​មានក្រុមនយោបាយទុច្ចរិតនៅចាំ​ក្រឡុកសភាពការណ៍។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជានៅតែតាមបង្ក្រាបក្រុមនេះដោយមិនបន្ធូរដៃឡើយ។

រហូតមកទល់ពេលនេះ ក្រុមជ្រុលនិយមជាង២០នាក់ហើយដែលបានចូលរួមអនុវត្តផែនការផ្តួលរដ្ឋអំណាចស្របច្បាប់ ត្រូវបានចាប់ខ្លួននិងត្រូវបានចោទ​ប្រកាន់ចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលកម្ពុជាពិតជាមិនអាចអត់អោនចំពោះសកម្មភាពបែបនេះ​ជាដាច់ខាតពីព្រោះបទពសោធន៍ដ៏សែនឈឺចាប់និងជូរចត់​បំផុតក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាព្រំដែន គឺជារឿងដ៏រសើបបំផុតរបស់កម្ពុជា។ ម្យ៉ាងទៀត រាល់ការញុះញង់ មួលបង្កាច់ការពិតអំពីបញ្ហាព្រំដែន ក៏ធ្លាប់បានធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ធ្វើឲ្យបែកបាក់ជាតិនិងអស្ថេរភាពសង្គមអស់ជិតបីទសវត្សរ៍ទម្រាំតែអាចស្តារឡើងវិញបាន។

ដូច្នេះ សម្រាប់កម្ពុជា ការមួលបង្កាច់និងការបំភ័ន្តការពិតអំពីបញ្ហាព្រំដែនក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ ជាការបំផ្លាញសន្តិភាព និងស្ថេរភាពប្រទេស គឺពុំមែនជាការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទ្បើយ។ ទន្ទឹនិងនេះ ក្រុមជ្រុលនិយមដែលធ្វើសកម្មភាពនៅក្រៅប្រទេសមួយចំនួនទៀត ក្រៅពីអ្នកដែលធ្លាប់មានដីកា ចាប់ខ្លួនរួចហើយនោះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ផងដែរ។ អ្នកទាំងនោះជារួមមាន៖ ហូរ វ៉ាន់, អ៊ូ ច័ន្ទឫទ្ធិ, គង់ សភា និង សេង ម៉េងប៊ុនរ៉ុង ពីព្រោះតែពួកគេបានប្រព្រឹត្តអំពើញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម​និងសន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ដោយសារតែសកម្មភាពនៃក្រុមជ្រុលនិយមបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់បោកការបោកប្រាស់របស់ក្រុមនេះ និងកុំអោយចូលរួមធ្វើសកម្មភាពខុសច្បាប់ណាមួយឲ្យសោះពីព្រោះសកម្មភាពទាំងនោះត្រូវប្រឈមចំពោះមុខច្បាប់។

ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកដោយសារវិបត្តិកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានប្តូរផ្តាច់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដែលមានប្រជាពលរដ្ឋជាង៨៣% ចូលរួមសម្តែងឆន្ទៈកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកាសការពារដាច់ខាតនិងឱ្យខាងតែបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស ទោះជាក្នុងតម្លៃណាក៏ដោយ។

ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានជំនឿយ៉ាងមុតមាំទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសភាពប្តូរផ្តាច់របស់ប្រមុខដឹកនាំក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយមកបំផ្លាញបានឡើយ។ អ្នកដែលប៉ុនប៉ងបំផ្លាញ​សន្តិភាព ស្ថិរភាពសង្គម និងបំផ្លាញជីវភាពប្រជាពលរដ្ឋ ទោះជាធ្វើឡើងក្រោមរូបភាពណាក៏ដោយ ក៏ត្រូវតែទទួល ទោសតាមច្បាប់ជាធរមានដោយមិនអាច​ចៀសផុតបានឡើយ ពីព្រោះ សន្តិភាព ស្ថិរភាព នយោបាយនិងជីវភាពរបស់ពលរដ្ឋខ្មែរ​ពេញមួយប្រទេសមានតម្លៃខ្ពស់ជាង​សេរីភាពបែបអនាធិបតេយ្យរបស់ជន​មួយក្តាប់តូចនេះឆ្ងាយណាស់។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំនិងដាច់ខាតថា ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ ក៏មិនរារែកអល់ឯកក្នុងការបន្តចាត់វិធាន​ការយ៉ាងហ្មឺង​ម៉ាត់ ចំពោះជនទាំងឡាយណា ដែលបាននិងកំពុងបន្តចូលរួមអនុវត្តនូវឧបាយកលចាស់ យុទ្ធសាស្ត្រថ្មីដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​និងបំផ្លាញសេចក្តីសុខរបស់​ប្រជាជនកម្ពុជា នោះឡើយ៕