(កំពង់ឆ្នាំង)៖ នៅព្រឹក និងល្ងាចថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ នៅពីរទីតាំងផ្សេងៗគ្នានៅឃុំត្រពាំងចាន់ និងឃុំផ្សា ក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានធ្វេីវេទិកាសាធារណ: ស្តីពីការអភិវឌ្ឍធនធានមនុស្សក្នុងឃុំ ព្រមទាំងវិធានការលេីកកម្ពស់ការចូលរួមពីគ្រប់ភាគី ក្នុងការត្រៀមលក្ខណ:ជំរុញការ សិក្សារបស់សិស្ស និងវិធានការការពារសុខភាពប្រឆាំងកូវីដ-១៩ ។

ការពិភាក្សាបញ្ហាប្រឈមនានា ដែលមាននៅក្នុងភូមិទាំង៤នៃឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូរណ៍ ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានសរុបទាំងពីរទីតាំងមានចំនួន១៣០នាក់។

លោក យឹម សារិន អភិបាលស្រុក អនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូរណ៌ បានមានប្រសាសន៍ស្វាគមន៍ និងបានស្នេីសុំឱ្យអ្នកពាក់ព័ន្ធដែលជាមាតាបិតាសិស្ស្ស គណ:កម្មការគ្រប់គ្រងសាលា នាយកសាលា លោកគ្រូអ្នកគ្រូ និងក្រុមយុវជន ស.ស.យ.ក និងមេភូមិ លើកយកបញ្ហាដែលកេីតមាន ក្នុងមូលដ្ឋានឃុំ ភូមិ ដើម្បីសំដៅប្រមូលនូវធាតុចូលសម្រាប់រួមគ្នាដោះស្រាយនៅមូលដ្ឋានផ្ទាល់ ថ្នាក់ខេត្ត និងថ្នាក់ជាតិ។

តំណាង មាតាបិតាសិស្ស យុវជន នាយកសាលា ប្រជាពលរដ្ឋមកពីភូមិទាំង៤ របស់ឃុំត្រពាំងចាន់ និងបីភូមិរបស់ឃុំផ្សាបានលេីកឡេីងពីបញ្ហាសិក្សារៀនសូត្រពីចំងាយ បញ្ហាផ្លូវថ្នល់ បញ្ហាអគារទ្រុឌទ្រោមខ្លាំងនៅសាលាចំនួន០៨ ផលវិបាកសិស្សានុសិស្សបឋមសិក្សាមានលំនៅដ្ឋានឆ្ងាយពីសាលារៀន សិស្សត្រៀមប្រលង មធ្យមសិក្សាកំរិត១ និងកំរិត២ ក្នុងខែធ្នូ ខាងមុខ បញ្ហាសិស្សបោះបង់ចោលការសិក្សា ការបង្ការបញ្ហាគ្រឿងញៀន ក្នុងនិង ក្រៅសាលា ។ ល។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត សឿ សុជាតា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ រាជរដ្ឋាភិបាល ចុះត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ អណត្តិទី៦ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានថ្លែងដោយក្តីសោមនស្សរីករាយ និងពេញចិត្តពេញថ្លេីមចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នាយកអស់ពីកំលាំងកាយចិត្ត​ដោះស្រាយនូវបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លូននិងបានលេីកយកបញ្ហាប្រឈមនានា នៅសេសសល់មូលដ្ឋានមិនអាចដោះស្រាយបាន មកជជែកពិភាក្សារកដំណោះស្រាយបន្តការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រេីនដេីម្បីអនាគតកូនចៅយេីង។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានថ្លែងបន្តពាក់ព័ន្ធនឹងការងារប្រលងនៅថ្ងៃខាងមុខ គឺយេីងត្រូវឈរលេីគោលការណ៍ទាំង៤ គឺ១៖ ច្បាប់ ២៖ យុត្តិធម៌ ទាំងគ្រូសិស្ស ៣៖ លទ្ធផលទទួល យកបាន ៤៖ គណនេយ្យ ភាព និងសុំឱ្យបងប្អូនបន្តរូមគ្នាបង្ការការរីករាលបញ្ហាកូវីដ-១៩ និងបញ្ហាគ្រឿងញៀន ចូលក្នុងសហគមន៍។

ចុងបញ្ចប់នៃវេទិកាសាធារណ នៅទីតាំងនិមូយៗក្រុមការងារបានចែកជូននូវឯកសារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ តង់ មុង ភួយ សៀវភៅចំណេះដឹងពីគោលនយោបាយអប់រំ និងជូនថវិកាដល់អ្នកចូលរួមទាំងអស់ផងដែរ។

នាថ្ងៃ ដដែលនោះ ក្រុមការងារដឹកនាំដោយលោក ស្រីបណ្ឌិត សឿ សុជាតា បានបន្តដំណេីរចុះចែកអំណោយដែលកេីតចេញពីកំលាំងសប្បុរសធម៌រួមសាមគ្គីគ្នារបស់សប្បុរសជននានា ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាគមអតីតនិស្សិតឆាលស្ទឺតកម្ពុជា ដោយឈរលេីវប្បធម៌ចែករំលែកស្រឡាញ់រាប់អានគ្នាស្គាល់គ្នាគ្រប់កាល:ទេស:ពិសេសជួយគ្នាក្នុងគ្រាជួបលំបាក ចែកជូនបងប្អូនប្រជាពលរដ្ឋយេីងដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ចំនួ ន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ក្រមា១ ភួយ១ សាប៊ូ៤ដុំ ទឹកដោះខាប់១ មុងស្បៃ១ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ១យួរ អំបិល១គីឡូក្រាម ម្សៅរ៉ូឌី១កញ្ចប់ ថវិកា២ម៉ឺនរៀល ៕