(សៀមរាប)៖ ចាប់ផ្តើមពីថ្ងៃ២២-២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា បានរួមដំណើរជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនិងសិក្សាស្វែងយល់ពីកិច្ចការអភិរក្ស និការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

លោក Christophe GIGAUDAU នឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេស នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។

នៅកំលុងពេលបំពេញភារកិច្ចនៅរមណីយដ្ឋានអង្គរ លោក Christophe GIGAUDAUT បានចុះទៅស្វែងយល់អំពីការជួសជុលផ្សេងៗនៅតាមប្រាសាទមួយចំនួន រួមមាន ប្រាសាទបន្ទាយស្រី ប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទទន្លេស្ងួត ប្រាសាទតុបខាងលិច ប្រាសាទតានៃ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន ប្រាសាទអង្គរវត្ដ ព្រមទាំងបានស្វែងយល់ពីគម្រោងផែនការអនាគត ក្នុងការកែលម្អហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់នៅទីក្រុងអង្គរធំ និងនៅកន្លែងផ្សេងទៀត។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដែរថា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ មន្ត្រីស្ថានទូតជប៉ុនដែលនឹងទទួលភារកិច្ចជាសហប្រធានបច្ចេកទេស នៃគណៈកម្មាធិការអាយស៉ីស៉ី-អង្គរនោះ ក៏នឹងចុះមកពិនិត្យ និងសិក្សាស្វែងយល់នៅរមណីយដ្ឋានអង្គរផងដែរ៕