(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណចក្រកម្ពជា, ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានទទួលអំណោយជាជែលលាងដៃពីក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី SARAYA CAMBODIA CO.LTD ចំនួន១,០០០កេស (ស្មើនឹង២០,៥០០ដប) គិតជាថវិកាមានចំនួន១៦២,៥០០ដុល្លារ (ដប់ប្រាំមួយម៉ឺនពីរពាន់ប្រាំរយដុល្លារ)។

ការទទួលអំណោយជាជែលលាងដៃពីក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី ចំនួន១,០០០កេស នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ គឺមានការចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី អមដំណើរដោយលោក សំ រិទ្ធ តំណាងរាស្រ្ត និងលោក លេង ផាលី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនរូបទៀត។

សូមជម្រាបថា ការប្រគល់ជូនជាជែលលាងដៃដល់លោក ហ៊ុន ម៉ានី គឺធ្វើឡើងដើម្បីទុកជាប្រយោជន៍ក្នុងបុព្វហេតុការងារមនុស្សធម៌ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ និងការងារជួយសង្គមជាតិ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធជំងឺកូវីដ-១៩។

នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី SARAYA CAMBODIA CO.LTD ដែលបានឧបត្ថម្ភជាជែលលាងដៃដល់លោក ដើម្បីយកទៅប្រើប្រាស់ជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនៅតាមតំបន់ដាច់ស្រយ៉ាល៕